ក្តៅៗ! សមាជិក EXO ប្រុសស្អាតសម្បូរស្នេហ៍ Xiumin តេស្តឃើញវិជ្ជមានកូវីដ-១៩
ជាដំណឹងមួយដ៏គួរឱ្យព្រួយបារម្ភណាស់ចំពោះអ្នកគាំទ្រ ដោយនៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២១ នេះ ដោយសមាជិកក្រុមចម្រៀងបុរសរបស់កូរ៉េដ៏ល្បី EXO គឺបុរសសង្ហា Xiumin បានរកឃើញវិជ្ជមានមេរោគកូវីដ-១៩ ។
បើតាមក្រុមហ៊ុន SM បានឱ្យដឹងថា កាលពីថ្ងៃទី ២៩ ខែកក្កដាកន្លងទៅ តារាចម្រៀងប្រុសខាងលើរូបនេះ ត្រូវបានគេធ្វើតេស្តសំណាក PCR ដើម្បីថតបទចម្រៀងថ្មី តែបានទទួលលទ្ធផលអវិជ្ជមាន ។ បន្ទាប់មកនៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២១ លោកក៏ត្រូវធ្វើតេស្តសំណាកម្តងទៀត ដោយសារតែលោកចាប់ផ្តើមចេញរោគសញ្ញាគួរឱ្យសង្ស័យ ហើយលទ្ធផលចេញមកនៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២១ នេះ គឺលោកបានមានវិជ្ជមានកូវីដ-១៩ តែម្តង ។
ចំណែកក្រុមការងារ ជាពិសេសសមាជិក EXO ទាំងអស់ក៏ត្រូវបានធ្វើតេស្តទាំងអស់គ្នា ព្រមជាមួយការធ្វើចត្តាឡីស័កផងដែរ ចាំទម្រាំតែចេញលទ្ធផល ។ រីឯគម្រោងការងារទាំងឡាយរបស់លោក Xiumin ក៏ត្រូវបានគេផ្អាកចោលទាំងអស់ ហើយលោកក៏បានស្តាប់តាមការណែនាំរបស់រដ្ឋាភិបាលក្នុងការព្យាបាលផងដែរ ។
យ៉ាងណាមិញ អ្នកគាំទ្រពិតជាមានការនឹកបារម្ភចំពោះកំលោះរូបនេះណាស់ ហើយម្នាក់ៗក៏បានជូនពរឱ្យលោកឆាប់ជាសះស្បើយ រួចមកបម្រើអារម្មណ៍ពួកគេម្តងទៀតផងដែរ ៕