កុំឱ្យខាត! អត្តពលិកហែលទឹកក្នុងការប្រកួតកីឡាអូឡាំពិក ឆ្លៀតអង្គុយចាក់អាវរកលុយបណ្ដើរ ចូលរួមប្រកួតបណ្ដើរ
ថ្មីៗនេះ រូបភាពជាច្រើនសន្លឹករបស់អត្តពលិកហែលទឹក ជនជាតិអង់គ្លេស លោក Tom Daley កំពុងអង្គុយចាក់អាវក្នុងការប្រកួតកីឡាអូឡាំពិកនាក្រុងតូក្យូ ត្រូវបានមហាជនចែកចាញពាសពេញបណ្តាញសង្គមមិនតិចឡើយ។
ដោយឡែក លោកបានឱ្យដឹងថា ការដេរប៉ាក់ ការចាក់អាវ បានក្លាយជាទម្លាប់ចំណូលចិត្តរបស់លោកនាថ្មីៗនេះ ហើយវាបានធ្វើឱ្យលោកមានអារម្មណ៍ស្ងប់ ព្រមទាំងបំបាត់ភាពស្រ្តេស ឬ ការភ័យខ្លាចផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះទេ លោកថែមទាំងអាចរកលុយពីចាក់ ដេរប៉ាក់ ទាំងអស់នេះ សម្រាប់ចូលរួមក្នុងមូលនិធិសប្បុរសធម៌ថែមទៀតផង។
លោកបានបន្តទៀតថា ៖ «ការឆ្លៀតចាក់អាវអំឡុងការប្រកួតនេះ បានជួយលោកច្រើនណាស់ក្នុងការរក្សាស្មារតី ហើយក្នុងរយៈពេលមុជរបស់កីឡាករម្នាក់ៗ មានរហូតដល់ ៤៥ នាទីឯណោះ។ ដូច្នេះ ពិតជាមានពេលសម្រាកច្រើនគួរសមសម្រាប់លោក ទើបលោកសម្រេចចិត្តយកវាមកអង្គុយចាក់ដូចនេះ»។
អ្វីដែលភ្ញាក់ផ្អើលនោះ អត្តពលិកហែលទឹករូបសង្ហានេះ ក៏បានដណ្ដើមឈ្នះមេដៃមាសផងដែរ ក្នុងការប្រកួតនេះ ហើយមហាជនជាច្រើនបានចូលរួមអបអរសាទរ និង សរសើរចំពោះការខិតខំប្រឹងប្រែង ព្រមទាំងការចេះប្រើវេលាក្នុងមួយថ្ងៃរបស់លោក សម្រាប់ធ្វើរឿងវ៉ាវដែលមានប្រយោជន៍ជាច្រើន៕
ប្រភព៖ Dailymail