តារាប្រុសខ្មែរ ៣ ដួង ស្រឡាញ់ប្រពន្ធស្ម័គ្រស្មោះ សុខចិត្តសាក់រូបប្រពន្ធនៅលើសាច់ទុកជាសាក្សីស្នេហ៍
ជាការពិតមនុស្សម្នាក់ៗតែងតែមានក្ដីស្រឡាញ់ចំពោះគូស្នេហ៍របស់ខ្លួនផ្សេងៗពីគ្នា អ្នកខ្លះបង្ហាញចេញបែបនេះ អ្នកខ្លះទៀតក៏បង្ហាញចេញបែបនោះ ។ បើងាកទៅចាប់អារម្មណ៍តារាសម្ដែង និង ចម្រៀងខ្មែរ ៣ រូប ក្រៅពីផ្តល់សុភមង្គលក្នុងគ្រួសារហើយនោះ ពួកគេបានជ្រើសរើសការសាក់រូបជាសក្ខីភាពនៃក្ដីស្រឡាញ់របស់ពួកគេថែមទៀត ។
ការធ្វើបែបនេះ គឺដើម្បីបើកបង្ហាញអំពីទំហំស្នេហ៍ដែលពួកគេមានចំពោះគូស្នេហ៍ថាពិតជាស្រឡាញ់ និង ហ៊ានលះបង់អ្វីៗគ្រប់យ៉ាងចំពោះក្ដីស្នេហ៍នោះខ្លាំងណាស់ ។ តារាប្រុសទាំង ៣ រូបនោះរួមមាន ៖
១. តារាសម្ដែង លោក ថមមី
តារាសម្ដែងប្រុសរូបសង្ហាលោក ថម មី បានចាប់ដៃគ្នាសាងគ្រួសារជាមួយនឹងតារាចម្រៀងជួរមុខក្នុងផលិតកម្មរស្មីហង្សមាស អ្នកនាង សួស វីហ្សា ។ ក្រោយពីកាន់ដៃគ្នាចូលរោងការបានរយៈពេល ១ ឆ្នាំ ពួកគេទាំងពីរក៏ទទួលបានកូនស្រីយ៉ាងគួរឱ្យស្រឡាញ់ម្នាក់ជាចំណងដៃស្នេហ៍ ។ ជារឿយៗ គ្រួសារតារាមួយគូនេះ តែងតែសម្ដែងភាពផ្អែមល្ហែមឱ្យគ្នាហាក់មិនសូវជាលស់ថ្ងៃណាឡើយ ។ ជាពិសេស ដើម្បីបង្ហាញថាទំហំស្នេហ៍ដែលមានចំពោះតារាស្រី សួស វីហ្សា ធំប៉ុនណានោះ លោក ថមមី បានសម្រេចចិត្តសាក់រូបប្រពន្ធរបស់ខ្លួន នៅលើទ្រូងខាងស្ដាំរបស់ខ្លួន ដើម្បីជាការបញ្ជាក់ទៀតផង ។
២. តារាចម្រៀង និង Rap លោក ងួន ចាន់ដេវីត
ទោះបីមានកូនមួយក៏ពិតមែន តែស្នេហារវាងតារាប្រុសលោក ជី ដេវីត និង តារាស្រីស្រស់ ទេព បូព្រឹក្ស នៅតែស្អិតល្មួតនឹងគ្នាពីមួយថ្ងៃទៅមួយថ្ងៃ រហូតធ្វើឱ្យហ្វេនៗលួចច្រណែនពួកគេទាំងពីរថែមទៀតផង។ ក្នុងនោះ គេក៏កត់សម្គាល់ផងដែរថា ព្រោះតែក្ដីស្រឡាញ់ដ៏ធំធេងនេះ លោក ជី ដេវីត បានសាក់រូប ទេព បូព្រឹក្ស ញញឹមពព្រាយយ៉ាងធំនៅលើដៃស្តាំរបស់ខ្លួនទុកជាសាក្សីស្នេហ៍ថែមទៀត។
៣. អតីតតារាសម្ដែង និង ពិធីករ លោក អេង ឫទ្ធី
មិនឱ្យចាញ់ស្នេហាក្មេងៗ លោក អេង ឫទ្ធី ក៏បានសាក់រូបអ្នកនាង ស៊ឹម សូលិកា ដែលភរិយាបណ្ដូលចិត្តរបស់ខ្លួននៅលើទ្រូងផងដែរ ពិតធ្វើឱ្យមហាជនអត់សរសើរមិនបានចំពោះក្ដីស្នេហ៍ដ៏ធំធេងរបស់លោកដែលមានចំពោះភរិយា។ ដូចគ្នានោះដែរ ជារឿយមហាជនតែងតែឃើញក្រុមគ្រួសារនេះផ្អែមល្ហែមគ្នាណាស់ ប្រៀបបីដូចស្ករ និង ស្រមោចអ៊ីចឹង ៕