ផ្ទុះរឿងអាស្រូវលើកនេះ Kris Wu អស់មុខមាត់ហើយ អាចឡុងចុងលុយរាប់លានដុល្លារទៀត
ជុំវិញការផ្ទុះធ្លាយរឿងអាស្រូវចោទប្រកាន់ពីបទរំលោភផ្លូវភេទលើកនេះ តារាប្រុសសង្ហា Kris Wu អាចនិយាយថាពិតជាងងឹតមុខតែម្តង ព្រោះមិនត្រឹមតែអសោចអស់កេរ្តិ៍ឈ្មោះភាពល្បីល្បាញដែលខំសាងមកអស់រាប់ឆ្នាំ ក៏ដូចជារងការប្រទិចហួសចិត្តពីសំណាក់មហាជននោះទេ ឥឡូវនេះបានមកប្រឈមជាមួយការទាមទារសំណងរាប់លានដុល្លារទៀត ។
ដូចដែលប្រិយមិត្តបានដឹងមកហើយ ខណៈបែករឿងអាស្រូវភ្លាមៗ Kris Wu ត្រូវបានក្រុមហ៊ុនប៊្រនធំៗជាច្រើនបានបណ្តាក់គ្នាផ្តាច់កុងត្រាតែម្តង ។
បើតាមព័ត៌មានឱ្យដឹង Kris Wu បានទទួលតម្លៃខ្លួនក្នុងកុងត្រាមិនតិចជាង ២ លានដុល្លារឡើយក្នុងមួយឆ្នាំ សម្រាប់ម៉ាកប្រ៊េននីមួយៗដែលគេបានចុះកិច្ចសន្យា ហើយតារាប្រុសរូបនេះត្រូវបានគេដឹងថា បានមានដៃគូកុងត្រារហូតទៅដល់ជាង ១៦ ដៃគូឯណោះ ។ ក្នុងកុងត្រាមួយចំនួនបាននិយាយថា កាលបើតារាដែលជាតំណាងបានប្រព្រឹត្តអំពើណាមួយមិនគប្បី ធ្វើឱ្យប៉ះពាល់ដល់ប្រ៊េន នោះគេតម្រូវឱ្យបង់ថ្លៃសំណង ឬក៏គេអាចទាមទារតម្លៃខ្លួនកុងត្រារបស់ពួកគេទៅវិញតែម្តង នេះមានន័យថា Kris Wu អាចប្រឈមនឹងការខាតបង់លុយរាប់លានដុល្លារឯណោះ ក្នុងការសងសំណង ។
ចំណែករឿងភាគ «The Journey of the Hairpin» ដែលតារាប្រុសរូបនេះកំពុងដើរតួសម្តែង ក៏ត្រូវកំពុងប្រឈមជាមួយការបិទមិនចាក់ផ្សាយថែមទៀតផង ដែលធ្វើឱ្យក្រុមការងារ ក៏ដូចជាតារារួមសម្តែងផ្សេងៗខាតបង់មិនតិចឡើយ ។
រីឯគណនីបណ្តាញសង្គម Weibo របស់លោក ដែលមានអ្នកតាមដានរាប់លាននាក់ ក៏ត្រូវបានគេបិទមិនឱ្យប្រើប្រាស់ ព្រមជាមួយបទចម្រៀងនានារបស់លោក ក៏ត្រូវបានគេលុបចោលអស់ផងដែរ ។
យ៉ាងណាមិញ រឿងរ៉ាវសខ្មៅនៅមិនទាន់បញ្ចេញអស់នៅឡើយទេ តែ Kris Wu ត្រូវបានប៉ូលិសឃាត់ខ្លួនទៅសួរចម្លើយរួចរាល់ហើយ បន្ទាប់ពីគេបានស៊ើបឃើញនូវភស្តុតាងគួរឱ្យសង្ស័យមួយចំនួន ៕
ប្រភព៖ Allkpop