ដល់-ក! បើ Kris Wu ត្រូវស៊ើបឃើញដូចការចោទប្រកាន់ អាចប្រឈមជាប់ពន្ធនាគារអស់មួយជីវិត
មិនទាន់បានស្ងប់ស្ងាត់នៅក្នុងអារម្មណ៍របស់បណ្តាមហាជនឡើយទេ ជុំវិញករណីការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទទៅលើអតីតមិត្តស្រី និង ក្មេងស្រីមិនទាន់គ្រប់អាយុជាច្រើននាក់ របស់តារាប្រុសល្បី Kris Wu ដែលកាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ លោកត្រូវបានប៉ូលិសក្រុង Beijing ឃាត់ខ្លួនទៅសួរចម្លើយរួចរាល់ហើយ ។
ដោយឡែក ថ្មីៗនេះ មានមេធាវីជនជាតិចិនម្នាក់ បានចេញមុខមកបកស្រាយពីច្បាប់នៃការកាត់ទោសពីករណីរំលោភបំពានផ្លូវភេទក្នុងប្រទេស ដោយលោកបានឱ្យដឹងថា បើទោះបី Kris Wu មានសញ្ជាតិជាជនជាតិកាណាដាក៏ដោយ ប្រសិនបើប៉ូលិសរកឃើញលោកពិតជាបានប្រព្រឹត្តអំពើរំលោភទៅលើក្មេងស្រីមិនទាន់គ្រប់អាយុពិតមែន លោកនឹងត្រូវទទួលទោសនៅប្រទេសចិន ហើយលោកអាចនឹងជាប់ពន្ធនាគារពី ១០ ឆ្នាំឡើងទៅ រួចអាចនឹងត្រូវបណ្តេញចេញពីប្រទេសតែម្តង បន្ទាប់ពីចេញពីពន្ធនាគារ ឬ ក៏អាចជាប់ក្នុងពន្ធនាគាររហូតដល់មួយជីវិតឯណោះ ។
យ៉ាងណាមិញ អ្នកគាំទ្រពិតជាមានការសោកស្តាយ និង ខកចិត្តយ៉ាងខ្លាំងចំពោះបុរសសង្ហាម្នាក់នេះ ហើយពួកគេក៏បានទន្ទឹងចាំមើលការស៊ើបអង្កេតបន្តរបស់ប៉ូលិសពាក់ព័ន្ធផងដែរ ដោយអន្ទះសាចង់ដឹងពីភាពសខ្មៅកាន់តែច្បាស់របស់ករណីខាងលើ ៕