
លើកដំបូង ខេម ទម្លាយអារម្មណ៍ពិត ក្រោយឈានជើងចូលទ្រនំថ្មីបានជិត ១ ឆ្នាំ
ជាការពិតណាស់ តារាចម្រៀងប្រុសសំឡេងស្អកដ៏មានប្រជាប្រិយភាព លោក ខេម ដែលមហាជនបានជ្រាបហើយថា កាលពីពាក់កណ្ដាលឆ្នាំ ២០២០ កន្លងទៅ ដែលលោកបានចាកចេញពីផលិតកម្មថោន ហើយបានឈានជើងចូលក្នុងផលិតកម្មថ្មីមួយ គឺផលិតកម្ម កាឡាក់ស៊ី ណាវ៉ាត្រា ។
យ៉ាងណាមិញ ក្នុងរយៈពេលនៃការចូលផលិតកម្មថ្មីនេះ លោក ខេម ក៏បានចេញបទចម្រៀងជាច្រើនបទជាបន្តបន្ទាប់ ដែលមានសន្ទុះនៃការគាំទ្រខ្លាំង ដោយសុទ្ធសឹងតែជាបទចម្រៀងពេញនិយមខ្លាំងក្នុងចិត្តយុវវ័យ ទាំងបទមនោសញ្ចេតនា កម្សត់ ចាក់ដោត និង បទបែបកម្សាន្តអារម្មណ៍ផងដែរ ។
ដោយឡែកថ្មីៗនេះ ក្រោយពីបានឈានជើងចូលក្នុងទ្រនំថ្មីអស់រយៈពេលជិតមួយឆ្នាំកន្លងទៅនេះ ក៏បានឃើញតារាចម្រៀងប្រុសសំឡេងស្អករូបនេះ បានបង្ហោះសារមួយយ៉ាងគួរឱ្យចាប់អារម្មណ៍ ដែលបានទម្លាយនូវអារម្មណ៍ពិតរបស់ខ្លួន បន្ទាប់ពីលោកបានរួមការងារជាមួយនឹងផលិតកម្ម កាឡាក់ស៊ី ណាវ៉ាត្រា ជាច្រើនខែមកនេះ ។
ក្នុងនោះ លោកបានពោលពាក្យបែបនេះថា «ពេលវេលាលឿនណាស់ មួយប៉ប្រិចភ្នែកសោះ ខ្ញុំរួមការងារជាមួយ Galaxy Navatra ជិតមួយឆ្នាំទៅហើយដោយភាពកក់ក្តៅ ក្នុងរយៈពេលជិត ១ ឆ្នាំនេះ តើមានចម្រៀងមួយបទណាដែលបងប្អូនចូលចិត្តជាងគេ?? ១-នឹកពេលណាក៏យំពេលនោះ, ២-នឹកស្រណោះ, ៣-លែងស្គាល់លេខ 000, ៤-សុំមួយពេលមក, ៥-ចង់សុំ WiFi» ៕