ទម្លាយហេតុផល តារាល្បីៗ ៥ គូនេះ រៀបការយូរ នៅមិនទាន់មានទាយាទពលេងនឹងគេ
ប៉ុន្មានខែចុងក្រោយនេះ បើយើងក្រឡេកទៅមើលពីតារាថៃមួយចំនួន ឃើញថាម្នាក់ៗហាក់បីដូចជាកំពុងតែមានក្តីសុខយ៉ាងខ្លាំង បន្ទាប់ពីពួកគេបានទទួលទាយាទថ្មីចូលមកក្នុងគ្រួសាររបស់ពួកគេយ៉ាងកក់ក្តៅ ។ ដោយឡែក បើក្រឡេកមកមើលេពីគូស្វាមីភរិយាទាំង ៥ រូបនេះវិញ បើទោះបីជារៀបការអស់រយៈពេលជាយូរហើយក្តី តែមិនទាន់មានទាយាទអ្វីនឹងគេឡើយ ក្នុងនោះរួមមាន ៖
១. តារាស្រី Amy និង លោក Siwat
បើនិយាយពីជីវិតគូស្វាមី ភរិយាអ្នកសិល្បៈមួយគូនេះ បានចាប់ដៃគ្នាចូលរោងការសាងសុភមង្គលជាច្រើនឆ្នាំមកហើយ ប៉ុន្តែពួកគេមិនទាន់ទទួលបានទាយាទពលេងនឹងគេនោះទេ ខណៈដែលមិត្តភក្តិដែលរៀបការឆ្នាំដំណាលគ្នា មានកូនអស់ទៅហើយនោះ ។ ទោះជាយ៉ាងណា កន្លងមកប្តីប្រពន្ធគូនេះក៏ធ្លាប់ចេញមុខបញ្ជាក់ដែរថា ពួកគេនៅមិនទាន់គិតគូររឿងយកកូននោះទេ ហើយពេលនេះពួកគេ ក៏កំពុងរស់នៅមានក្តីសុខទៅហើយ បើទោះបីជាមិនទាន់មានវត្តកូនចូលមកក្នុងគ្រួសារ ។
២. តារាស្រី Jooy និង លោក Dj Push
ចំពោះគូស្វាមីរបស់តារាស្រី Jooy និង លោក Dj Push ឯណេះវិញ បើទោះបីជាពួកគេបានរៀបការជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំហើយក្តី បើនិយាយពីរឿងទាយាទស្នងត្រកូលក៏ពុំទាន់ឃើញលេចរូបរាងនឹងគេនោះដែរ ។ យ៉ាងណាមិញ កាលពីពេលកន្លងទៅតារាស្រីរូបនេះ និង ស្វាមីក៏បានបង្ហើបដែរថា កាលដែលពួកគេមិនទាន់មានកូនមិនមែនដោយសារតែមិនទាន់ចង់បាននោះទេ ព្រោះតែខាងស្វាមីរបស់នាងមានបញ្ហាសុខភាព ដូច្នេះទើបធ្វើឱ្យពិបាកក្នុងការមានកូន ។
៣. តារាចម្រៀង New និង លោក Peckprem
បើក្រឡែកមកមើលជីវិតស្វាមីភរិយាអ្នកសិល្បៈមួយគូនេះ មកទល់បច្ចុប្បន្នពួកគេបានរៀបការជាមួយគ្នាអស់រយៈពេលជាង ៤ ឆ្នាំហើយ មិនទាន់លេចឭដំណឹងមានទាយាទនៅឡើយ ។ យ៉ាងណាមិញ រយៈពេលចុងក្រោយនេះ បន្ទាប់ពីមានមហាជនសង្ស័យថាតារាចម្រៀង New ប្រហែលកំពុងតែមានផ្ទៃពោះនោះ ស្រាប់តែនាង និង ស្វាមី បានចេញមុខបកស្រាយថានាងមិនទាន់មាននោះទេ តែទោះជាយ៉ាងណាពេលនេះនាងកំពុងតែពិភាក្សាជាមួយគ្រូពេទ្យហើយក្នុងការយកកូន ។
៤.តារាស្រី Nut Myriad និង លោក Aum Atichart
ងាកមកមើលគូស្នេហ៍មួយគូនេះវិញ ពួកគេបានចាប់ដៃគ្នាសាងសុភមង្គលអស់ពេលជាច្រើនឆ្នាំមកហើយ តែនៅឡើយមិនទាន់មានដំណឹងថាពួកគេមានកូនទៀត ។ កន្លងទៅនេះ មានមហាជនបានឆ្ងល់ថា ពេលណាពួកគេយកកូន ស្រាប់តែអ្នកទាំងពីរចេញមុខនិយាយថា ពួកគេចង់មានកូនណាស់ តែអស់ពេលជាច្រើនឆ្នាំហើយនៅតែមិនមានទៀត ទោះបីជាបានប្រើប្រាស់គ្រប់វិធី ទាំងបុរាណ និង វិទ្យាសាស្រ្តក៏ដោយ ។ បើទោះបីជាមិនមានកូនជាឈាមខ្លួនឯង តែប្តីប្រពន្ធតារាគូនេះបានយកកូនគេមកចិញ្ចឹម ២ នាក់ហើយ ប្រុសម្នាក់ និង ស្រីម្នាក់ ។
៥. តារាស្រី Nune Woranuch និង លោក Tod
សម្រាប់ជីវិតគូរបស់តារាស្រី Nune Woranuch និង ស្វាមីនាងវិញ មកទល់នឹងពេលនេះពួកគេបានចាប់ដៃគ្នាសាងសុភមង្គលអស់ជិត ១២ ឆ្នាំមកហើយ តែនៅឡើយមិនទាន់មានទាយាទស្នងត្រកូលសម្រាប់គ្រួសារនៅឡើយដែរ ។ ជុំវិញការមិនមានកូននេះ តារាស្រីរូបនេះក៏បានចេញមុខបកស្រាយកាលពីពេលកន្លងទៅហើយថា នាងមិនចង់បានកូននោះទេ ព្រោះថាពេលនេះនាង និង ស្វាមី កំពុងតែមានក្តីសុខជាមួយនឹងការរស់នៅបែបនេះ ហើយណាមួយពួកគេក៏មានភារកិច្ចត្រូវធ្វើរៀងៗខ្លួនដែរ ៕