ចង់ឱ្យចាំទុកស្នាមសើច សុខចិត្តជះលុយ ១.៦ លានដុល្លារគ្មានស្តាយ ធ្វើធ្មេញចង្កូមដាំពេជ្រ
លោក Post Malone តារាចម្រៀងរ៉ក់ វ័យ ២៥ ឆ្នាំ សញ្ជាតិអាមេរិក ដែលឥលូវនេះកំពុងទាក់ទាញចំណាប់អារម្មណ៍យុវវ័យទាំងក្នុង និង ក្រៅប្រទេស តាមរយៈបទចម្រៀងជាច្រើនបទ ក៏ដូចជាស្ទីលនៃការតែងខ្លួនដ៏គួរឱ្យចាប់អារម្មណ៍នោះ ថ្មីៗនេះលោកត្រូវបានគេដឹងថា បានបន្ថែមភាពឡូយឆើតឆាយតាមបែបតារារ៉ក់មួយទៀតហើយ នោះគឺការដាក់ពេជ្រធំៗលើធ្មេញចង្កូមរបស់លោក ។
តាមព័ត៌មានបានឱ្យដឹងថា ចង្កូមពេជ្រចែងចាំងពីរគ្រាប់ធំៗនេះមានទំហំ ១២ ការ៉ាត់ ជាចង្កូមពីរខាងមុខរបស់លោក ហើយវាមានតម្លៃរហូតដល់ ១.៦ លានដុល្លារឯណោះ ។ ដោយឡែក ធ្មេញនេះត្រូវបានចូលរួមសហការធ្វើឡើងដោយទន្តបណ្ឌិតពីររូបគឺលោក Naoki Hayashi និង លោក Thomas Connelly ព្រមទាំងលោក Issac Bookhor ដែលមកពីក្រុមអ្នកជំនាញគ្រឿងអលង្ការ ។
យ៉ាងណាមិញ លោក Hayashi ដែលជាទន្តបណ្ឌិតម្នាក់បានឱ្យដឹងថា មុននឹងសម្រេចបានលទ្ធផលធ្មេញដ៏ប្រណីតនោះ លោកត្រូវធ្វើធ្មេញសេរ៉ាមិច ២៨ គ្រាប់ជាមុនសិន ទើបធ្វើការដាំពេជ្រតាមក្រោយ ។ រីឯលោកទន្តបណ្ឌិត Connelly វិញក៏បានបន្តដែលថា វាពិតជាមានការលំបាកណាស់ក្នុងការធ្វើឱ្យពេជ្រក្លាយទៅជាទម្រង់ធ្មេញ ដោយពួកគេបានឆ្លងកាត់ការសាកល្បង និង កំហុសជាច្រើនដង លើសពីនេះលោកបានខ្ជះខ្ជាយពេជ្រជាច្រើនការ៉ាត់ថែមទៀតផង ទម្រាំតែបានចេញជារូបរាងបែបនេះ ៕
ប្រភព៖ DailyMail