គិតចាប់ពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២១ រហូតមកដល់ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២១ នេះ មានរយៈពេលប្រមាណជា ១០ ថ្ងៃហើយដែលតារាកំប្លែងជើងចាស់ លោកយាយ ណយ សំណាង បានសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។
ដំបូងៗ តារាកំប្លែង ណយ សំណាង មានអាការធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភ ព្រោះគាត់មានជំងឺប្រចាំកាយហើយ បែរជាត្រូវមកឆ្លងជំងឺដ៏កាចសាហាវកូវីដ-១៩ នេះទៀត ធ្វើឱ្យសិល្បករ សិល្បការិនីជាច្រើន និង អ្នកប្រើប្រាស់បណ្ដាញសង្គមបង្ហោះសារជូនពរដោយក្ដីព្រួយបារម្ភចំពោះសុខភាពគាត់ព្រោងព្រាត ។
ដោយឡែកបន្ទាប់ពីទទួលបានការព្យាបាល ការមើលថែយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យជួរមុខ តាមរយៈរូបថតដែលត្រូវបានគេយកទៅបង្ហោះចែកចាយក្នុងបណ្ដាញសង្គម ពេលនេះអាការរបស់តារាកំប្លែងខាងលើ បានធូរស្រាលបន្តិចហើយ ទឹកមុខរបស់គាត់ហាក់ស្រស់ថ្លា ស្រស់បស់ មានកម្លាំងជាងមុនច្រើន ។
មហាជនអ្នកគាំទ្រឃើញដូច្នេះ ពួកគេបានបង្ហាញពីអារម្មណ៍ធូរទ្រូង និង បន់ស្រន់ឱ្យតារាកំប្លែងលោកយាយ ណយ សំណាង ឆាប់ជាសះស្បើយឆាប់ៗផងដែរ ៕