នាយក្រូច ចេញមុខទម្លាយពីអាការ ស្រីអ៊ីត ក្រោយគេល្បីថាបាត់បង់ជីវិត
ថ្មីៗនេះតារាកំប្លែង នាយក្រូច ដែលត្រូវជាបងប្រុសរបស់តារាកំប្លែង ស្រីអ៊ីត បានចេញមកនិយាយពីអាការសុខភាពរបស់ប្អូនស្រី ក្រោយពីមានព័ត៌មានតៗគ្នាថានាងបានបាត់បង់ជីវិតទៅហើយ ។
បើគិតមកដល់ពេលនេះ ១៧ ថ្ងៃហើយដែលតារាកំប្លែងស្រីដ៏មានប្រជាប្រិយភាព ស្រីអ៊ីត មានឈ្មោះពិតថា សេន ចិន្តា បានសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅអតីតសណ្ឋាគារអ៊ិនធើកុងទីណង់តាល់ ។ អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះ នាយក្រូច បានចេញមកបញ្ជាក់ពីស្ថានភាពសុខភាពរបស់ ស្រីអ៊ីត ក្រោយពីមានការល្បីតៗគ្នាថានាងបានទទួលមរណភាព ។ ក្នុងនោះ នាយក្រូច ក៏បានភ្ជាប់ជាមួយសារដែលមានអត្ថន័យថា «សូមជម្រាបជូនបងប្អូនឱ្យ បានជ្រាបថាប្អូនស្រីខ្ញុំមានសុខភាពល្អវិញហើយជិតបានត្រឡប់មកផ្ទះវិញហើយ ហាមក្រុមបំពុលសង្គមមួយចំនួនដែលផុសថាប្អូនខ្ញុំស្លាប់ បើមិនច្បាស់សូមកុំផុសបំភ្លៃ ។ សូមអរគុណបងប្អូនដែលបារម្ភពីប្អូនស្រីរបស់ខ្ញុំ សូមអរគុណ សុខសប្បាយទាំងអស់គ្នាសូមឱ្យរួចផុតចាកទុក្ខ» ។
ការលើកឡើងរបស់ នាយក្រូច ជាបងប្រុសបានធ្វើឱ្យមហាជនក៏ដូចជាមិត្តភក្តិក្នុងសិល្បៈមានការរីករាយ ហើយជូនពរឱ្យតារាស្រីរូបនេះឆាប់មានសុខភាពល្អ និង បានត្រលប់មកប្រឡូកនៅក្នុងការងារសិល្បៈវិញ ។
គេចាំបានថាក្រោយមានវិជុ្ជមានកូវីដ-១៩ ស្រីអ៊ីត ត្រូវបានក្រុមគ្រូពេទ្យទៅយកនាងទាំងយប់ថ្ងៃទី ១២ កន្លងទៅ នៅគេហដ្ឋានដែលស្ថិតនៅខណ្ឌឫស្សីកែវ ក្រោយពីនាងបានប៉ះពាល់ដោយប្រយោលជាមួយតារាចម្រៀង វី ឌីណែត ៕