សូដា នីតា មិនសន្យាអាចរក្សាស្នេហ៍បានយូរប៉ុនណា ព្រោះស្នេហ៍សេដ្ឋីលុយវាល់លាននៅមានរង្គោះរង្គើ
តារាសម្ដែងអ្នកនាង សូដា នីតា ទើបតែសម្រាលបានកូនប្រុសមុខមាត់ឃ្យូតគួរឱ្យស្រឡាញ់ម្នាក់ កាលពីដើមខែមីនា ឆ្នាំ ២០២១ នេះ ដែលជាតំណក់ឈាមដំបូងជាមួយលោក យុទ្ធ ឋានៈ ជាអ្នកសិល្បៈស្រករក្រោយ និង មានអាយុប្អូននាងដល់ទៅប៉ុន្មានឆ្នាំ ។
ពេលនេះ សូដា នីតា និង ស្វាមីកំពុងជួយគ្នាមើលថែកូនតូច ផ្ដល់សុភមង្គលឱ្យគេ បង្កើតគ្រួសារមួយដ៏កក់ក្ដៅ ។ ដោយឡែកស្រាប់តែនៅសុខៗ អ្នកម្ដាយថ្មីថ្មោងខាងលើបានបង្ហោះសារគួរឱ្យចាប់អារម្មណ៍មួយនៅលើបណ្ដាញសង្គម ដោយមានគេសួរនាងថា អាចរក្សាស្នេហ៍ជាមួយលោក យុទ្ធ ឋានៈ បានដែរទេ? ក្នុងនោះ សូដា នីតា បានតបវិញយ៉ាងក្បោះក្បាយថា ៖
«ខ្ញុំឃើញសារព័ត៌មានមួយបានសួរថា (តើសូដានីតា & យុទ្ធ ថានៈ អាចរក្សាស្នេហាមួយនេះបានដែរទេ???) ខ្ញុំសូមឆ្លើយថា ខ្ញុំ ឬ ពួកយើងមិនសន្យាឡើយ ព្រោះយើងក៏មើលមិនឃើញថ្ងៃស្អែកយ៉ាងណាដែរ តែអ្វីដែលពួកខ្ញុំធ្វើបានពេលនេះ គឺរក្សាទឹកចិត្តស្រឡាញ់ រឹតបន្ថែមនឹងមនោសញ្ចេតនាដែលកំពុងមាននោះគឺចំណងកូនប្រុស ១ ដែលកំពុងមាននាពេលនេះ ។
លើលោកនេះ គ្មានអ្វីថិតថេរនោះទេ សូម្បីចំណងស្នេហ៍សេដ្ឋីលុយវាល់លានក៏នៅរង្គោះរង្គើពីរនាក់ខ្ញុំជាមនុស្សធម្មតា គ្មានលុយ គ្មានបុណ្យស័ក្តិ គ្មានឋានៈ តែខ្ញុំពីរនាក់គ្រាន់តែដឹងថាមនុស្សពីរនាក់ បើចង់រក្សារចំណងជីវិតគូឱ្យបានគង់វង្សបាន ចុះត្រាចេះយល់យោគ ចាញ់ខ្លះឈ្នះខ្លះ មួយខឹងមួយអត់ កុំតបតពេលមនុស្សកំពុងឆេះ ចេះនិយាយណែនាំគ្នាពេលដែលបាត់ខឹង ចេះលើកលែងឱ្យគ្នាពេលជួបបញ្ហា ពេលខ្លះខ្ញុំជាបងស្រី ខ្ញុំជាម្តាយ ហើយពេលខ្លះទៀត គាត់ជាឪពុកគាត់ជាបងប្រុស យើងតែងតែយោគយល់អាស្រ័យគ្នា ចាននៅក្នុងរាវរឿងអីមិនទង្គិច តែបើយើងចេះទុកដាក់តិចៗ ចេះទុកឱ្យស្រួលបួលនោះវាមិនងាយនឹងប្រេះស្រាំទេ ។
ពួកយើងមានតែការតាំងចិត្តតែប៉ុណ្ណឹង តែអ្វីដែលរឹងមាំគឺរក្សារចិត្តស្រឡាញ់ កុំបែកចិត្តកុំរិះរេនោះអ្វីៗនឹងគង់វង្ស ថ្ងៃនេះថ្ងៃមុខពួកយើងនៅតែដដែល តែថ្ងៃស្អែកទោះមានរឿង ឬយ៉ាងណា ក៏ខ្ញុំ ឬគាត់នៅតែតាំងចិត្តព្យាយាមស្វែងរកដំណោះស្រាយដើម្បីរួមផ្លូវមួយនេះ ៣ នាក់ កូនម្តាយឪពុក…» ៕