ស្ងាត់ៗ យ៉ែម ស្រីពេជ្រ ទម្លាយមូលហេតុធ្វើឱ្យនាងស្អប់មនុស្សប្រុសអស់ ៦ ឆ្នាំ
បើទោះមិត្តភក្តិក្នុងសិល្បៈបានបើកចំហពីជីវិតស្នេហានឹងបានប្រកាសមានគូស្នេហ៍ជាបន្តបន្ទាប់ក្តី តែសម្រាប់តារាសម្តែងរូបស្រស់ យ៉ែម ស្រីពេជ្រ ហាក់ស្ងាត់ជ្រៀបតែម្តង ។ អ្នកគាំទ្រខ្លះលើកឡើងថា យ៉ែម ស្រីពេជ្រ មិនហ៊ានបង្ហាញមុខគូស្នេហ៍ដោយសារខ្លាចប៉ះពាល់ប្រជាប្រិយភាព ។
ទាំងនោះគ្រាន់តែជាការបញ្ចេញមតិរបស់មហាជនប៉ុណ្ណោះ តែសម្រាប់ យ៉ែម ស្រីពេជ្រ មានហេតុផលផ្ទាល់ខ្លួន ដោយនាងបានលើកឡើងដោយភ្ជាប់ជាមួយវីដេអូអំពើហឹង្សាក្នុងគ្រួសារមួយថា «នេះជាហេតុផលមួយដែលធ្វើឱ្យខ្ញុំប្រាប់ម៉ាក់ថាអត់យកប្ដីតាំងពីនៅក្មេង ស្អប់មនុស្សប្រុសជិត ៥-៦ ឆ្នាំ (ឥឡូវឈប់ស្អប់ហើយ) រូបភាពដដែលៗ និង ទង្វើមិនល្អ វាដក់ជាប់ក្នុងខួរក្បាលមិនដែលភ្លេច អ៊ីចឹងហើយបានខ្ញុំចង់ធ្វើការងារសង្គម» ។
បើទោះជានិយាយបែបនេះក្តី តែ យ៉ែម ស្រីពេជ្រ មិនបានបញ្ជាក់ថា នាងធ្លាប់ឃើញរូបភាពបែបនេះនៅកន្លែងណានោះឡើយ ។ ក្នុងនោះក៏មានការលើកឡើងថាមនុស្សប្រុសមិនអាក្រក់ទាំងអស់ទេ កុំគិតបែបនេះនៅមានបុរសល្អច្រើនទៀត ។
យ៉ែម ស្រីពេជ្រ គឺជាតារាសម្តែងស្រីដែលមានរូបសម្រស់ស្អាត ហើយសមត្ថភាព និង ទេពកោសល្យនៅក្នុងការសម្តែងក៏មិនចាញ់តារារៀមច្បងប៉ុន្មានឡើយ ។ នាងអាចសម្តែងបានយ៉ាងល្អមិនថាតួកាច ឬ តួស្លូតឡើយ ។ កន្លងមកក៏មានបុរសមិនតិចទេធ្លាក់ក្នុងអន្លង់ស្នេហ៍របស់តារាស្រីរូបនេះ ៕