
វីជេ អាឡាស្កូ កំពុងជួបទុក្ខធំ ម្ដាយជាទីស្រឡាញ់លាចាកលោកទាំងអាល័យ
កាលពីយប់ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១ វីជេ អាឡាស្កូ បានប្រកាសដំណឹងដ៏ក្រៀមក្រំមួយនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដោយអ្នកម្ដាយជាទីស្រឡាញ់បានស្លាប់លាចាកលោកនេះហើយ ក្នុងអាយុ ៦៨ ឆ្នាំ ដោយរោគាពាធ ។
ជាមួយនឹងភាពសោកស្ដាយនៃការបាត់បង់អ្នកម្ដាយតែម្នាក់គត់ វីជេ អាឡាស្កូ បានបង្ហោះសារត្អូញត្អែរ ស្ដាយស្រណោះនូវវត្តមានម្ដាយជាពន់ពេក ដោយលោកបានរៀបរាប់ថា «យើងបែកគ្នារហូតហើយ ណាម៉ែណា លែងមានអ្នកជេរ លែងមានអ្នកធ្វើម្ហូបឆ្ងាញ់ឱ្យ លែងមានគ្រប់យ៉ាងរវាងកូនៗជាមួយអ្នកម្តាយហើយ ! កូនអាល័យម៉ែណាស់» ។
ក្រោយទទួលបានដំណឹងមរណភាពរបស់ម្ដាយ វីជេ អាឡាស្កូ ក៏ធ្វើឱ្យមិត្តភក្ដិ សាច់ញាតិបងប្អូន ក៏ដូចជាអ្នកគាំទ្រតារាប្រុសរូបនេះ បង្ហាញនូវការចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពជាច្រើន ។ យ៉ាងណាមិញ បើតាមការឱ្យដឹងពី វីជេ អាឡាស្កូ ផ្ទាល់ សពម្ដាយរបស់លោកនឹងត្រូវដង្ហែទៅខាងជើងផ្សារលើ ខេត្តកំពង់ឆ្នាំង នៅរសៀលម៉ោង ៣ និង ៣០ នាទី ថ្ងៃទី ២៤ ខែកុម្ភៈ នេះហើយ ៕