
អាយុក្បែរ ៥០ ឆ្នាំ យ៉ែម សំអូន នៅតែសង្ហាខ្លាំង គ្មានចាស់អីសោះ!
ដ្បិតមមាញឹកជាមួយការងារសិល្បៈ និង មានវ័យច្រើនក៏ពិតមែន តែតារាសម្តែង និង ចម្រៀងលោក យ៉ែម សំអូន មិនដែលខកខានក្នុងការរៀបចំពិធីខួបកំណើតរបស់ខ្លួនឡើយ ។ យ៉ាងណាមិញសម្រាប់ឆ្នាំនេះតារារូបនេះបានរៀបចំពិធីខួបកំណើតយ៉ាងអធិកអធមមិនចាញ់ពិធីមង្គលការមួយឡើយ កាលពីថ្ងៃទី ២០ កន្លងទៅថ្មីៗនេះ ។
មិនខុសពីឆ្នាំមុនឡើយលោក យ៉ែម សំអូន បានរៀបចំពិធីខួបកំណើតកាលពីប៉ុន្មានថ្ងៃមុននៅភោជនីយដ្ឋានសេវេនប្រាយ ដោយមានការតុបតែងលម្អហាងយ៉ាងស្រស់ស្អាត ហើយសម្រាប់ភ្ញៀវចូលរួមក៏មានច្រើន ទំាងអ្នកនៅក្នុង និង ក្រៅសិល្បៈ បើមិនចាប់អារម្មណ៍ស្មានថាជាពិធីរៀបមង្គលការទៅវិញ ។ បើក្រឡេកមើលលោក យ៉ែម សំអូន ដែលជាម្ចាស់កម្មវិធីបានបង្ហាញទឹកមុខសប្បាយរីករាយ ដោយឃើញវត្តមានមិត្តភក្តិចូលរួមយ៉ាងកុះករបែបនេះ ។
អ្វីដែលចាប់អារម្មណ៍នៅក្នុងឆ្នាំនេះដែរ តារាសម្តែង និង ចម្រៀងរូបនេះបានរៀបចំពិធីខួបកំណើត គម្រប់អាយុ ៤៦ ឆ្នាំ ។ មានវ័យច្រើនក្បែរ ៥០ ឆ្នាំក៏ពិតមែន តែបើនិយាយពីសម្រស់របស់លោក យ៉ែម សំអូន ហាក់មិនមានការថមថយនោះទេ ពោលគឺនៅតែមាំមួនសង្ហាមិនចាញ់តារាស្រករក្រោយប៉ុន្មានឡើយ ។
បើគិតមកដល់ពេលនេះលោក យ៉ែម សំអូន បានចែកផ្លូវជាមួយភរិយាជាច្រើនឆ្នាំគួរសមហើយ ពេលនេះលោកក៏បន្តរស់នៅជាបុរសពោះម៉ាយដោយមិនមានការជ្រើសរើសដៃគូជីវិតថ្មីនោះទេ ។ ក្រៅពីតារាចម្រៀងលោក យ៉ែម សំអូន ក៏កំពុងត្រូវប៉ាន់ក្នុងការថតរឿងភាគទូរទស្សន៍ជាច្រើនផងដែរ ៕