មិនមែនផ្កាកុលាបទេ ខាន់ ជែមស៍ ទិញរថយន្តថ្មី Ford Raptor តម្លៃរាប់ម៉ឺនជូនភរិយានៅថ្ងៃ ១៤ កុម្ភៈ
ដោយសារចង់ផ្តល់ស្នាមញញឹមឱ្យភរិយានោះ តារាចម្រៀង ខាន់ ជែមស៍ បានជូនកាដូដ៏មានតម្លៃធំៗជាបន្តបន្ទាប់ដល់ភរិយា ធ្វើឱ្យមិត្តភក្តិ ក៏ដូចជាអ្នកគាំទ្រជាច្រើនលាន់មាត់ថាប្តីល្អចិត្តទូលាយបែបនេះរកឯណាបាន គ្រាន់តែភរិយាហារមាត់និយាយថាស្រឡាញ់ភ្លាមទិញជាកាដូជូនភ្លែត ។
គេចាំបានថាប៉ុន្មានថ្ងៃមុននេះលោក ខាន់ ជែមស៍ បាន Surprise ផ្ទះវីឡាភ្លោះមួយជូនដល់ភរិយា ដោយលោកអះអាងថាបានលួចទិញសម្រាប់ជាកាដូនៅក្នុងថ្ងៃខួបកំណើតគម្រប់អាយុ ៤១ ឆ្នាំរបស់ភរិយាគឺអ្នកនាង សុខ សុចិន្តា ហើយរំលងមិនប៉ុន្មានថ្ងៃផងតារាចម្រៀងរូបនេះក៏បានកាដូជារថយន្តស៊េរីទំនើបជូនដល់ភរិយាមួយបន្ថែមទៀត ។
ជាក់ស្តែងនៅក្នុងឱកាសទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈម្សិលមិញនេះ ភាគច្រើនតារាជាច្រើនគូបានបង្អួតនូវបាច់ផ្កាកុលាបយ៉ាងស្រស់ស្អាត ដែលដៃគូជូននៅក្នុងឱកាសពិសេសនេះ តែសម្រាប់លោក ខាន់ ជែមស៍ បែរជាសម្រេចចិត្តមិនជូនផ្កាកូលាបទេ ពោលគឺលោកបានជូននូវកាដូរថយន្តសេ៊រីទំនើបមួយគ្រឿងម៉ាក Ford Rapter ដល់ភរិយា ដែលគេដឹងថារថយន្តប្រភេទនេះមានតម្លៃខ្ពស់គួរសម ។
មូលហេតុ ខាន់ ជែមស៍ ជូនកាដូមានតម្លៃជាបន្តបន្ទាប់ដល់ភរិយាបែបនេះ ដោយសារលោកបានលើកឡើងថា ស្នាមញញឹមរបស់ភរិយាគឺជាក្តីសុខរបស់លោកដូចនេះអ្វីដែលធ្វើបានលោកនឹងផ្តល់ឱ្យភរិយាទាំងអស់ ដែលគិតមកដល់ពេលនេះ លោក ខាន់ ជែមស៍ បានរួមរស់ជាមួយភរិយាប្រមាណជាជិត ២០ ឆ្នាំ ហើយទទួលបានចំណងដៃកូនប្រុសស្រីចំនួនបីនាក់ ។ ក្រៅពីតារាចម្រៀងសព្វថ្ងៃ ខាន់ ជែមស៍ បានងាកមកចាប់យកអាជីពជំនួញជាច្រើននៅក្នុងដៃ ៕