មិនធម្មតា! នីកូ ចាប់បានតំណែងធំ ក្រោយចូលហង្សមាសបាន ៣ ឆ្នាំ
ទើបតែចូលក្នុងទ្រនំហង្សមាសប្រមាណ ៣ ឆ្នាំប៉ុណ្ណោះ តែពេលនេះតារាចម្រៀងវ័យក្មេង នីកូ ទទួលបានតំណែងធំជាលើកដំបូងនៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកមួយ ដែលធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង ព្រោះតំណែងបែបនេះមិនមែនតារាចម្រៀងនៅក្នុងផលិតកម្មទាំងអស់សុទ្ធតែទទួលបាននោះឡើយ ។ មួយវិញទៀតតំណែងមួយនេះក៏អាចជួយត្រួសត្រាយប្អូនប្រុសរបស់តារាចម្រៀង ណុប បាយ៉ារិទ្ធ ឱ្យកាន់តែមានឈ្មោះបោះសំឡេងថែមទៀត ។
បើប្រៀបធៀបជាមួយមិត្តភក្តិរួមផលិតកម្មមួយចំនួនតារាចម្រៀង នីកូ ទើបក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មហង្សមាសនៅក្នុងឆ្នាំ ២០១៨ ប៉ុណ្ណោះ តែពេលនេះលោកក៏មានឱកាសក្តោបបានតំណែងជាគណៈកម្មការនៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក «Beat The Best» ដោយរួមជាមួយតារារៀមច្បង ៣ រូបទៀតគឺ ពេជ្រ សោភា ផន ស្រីខួច និង លោក ឆន សុវណ្ណរាជ ជាដើម ។
ក្នុងនោះក៏មានការលើកឡើងថា ថ្វីដ្បិតនៅវ័យក្មេងខ្ចីជាងគណៈកម្មការទាំងបីរូបក៏ពិតមែន តែគេជឿថាតារាចម្រៀង នីកូ អាចធ្វើជាគណៈកម្មការនៅក្នុងកម្មវិធីមួយនេះដោយរលូនជាមួយនឹងការចែកចាយបទពិសោធនៅក្នុងសិល្បៈរបស់លោកកន្លងមកដល់អ្នកសិល្បៈជំនាន់ក្រោយ ។
បើទោះមិនមែនជាតារាចម្រៀងលំដាប់កំពូលក៏ពិតមែន តែ នីកូ ក៏មានសមត្ថភាពអាចស្រូបទាញអ្នកគាំទ្រភាគច្រើនជាយុវវ័យឱ្យចូលចិត្តបទចម្រៀងរបស់លោក ។ បើនិយាយពីស្ទីលនៃការតែងខ្លួនរបស់ នីកូ វិញគឺតាមបែបឃ្យូតៗ ។ មួយរយៈមុននេះ នីកូ ក៏ក្តោបបានតំណែងជាតួឯកប្រុសនៅក្នុងរឿងភាគទូរទស្សន៍ក្នុងតំណែងជាតួឯកជាមួយ ពេជ្រ សូលីកា ទៀតផង ៕
រូបថត ៖ ហ្វេសប៊ុក