កាត់ព្យុះភ្លៀងច្រើនយ៉ាងណា តែតារាៗ ៥ គូនេះ ជម្នះឧបសគ្គ កសាងគ្រួសារយ៉ាងមានសុភមង្គលពេញទី
នៅក្នុងវិស័យសិល្បៈខ្មែរ មានតារាល្បីៗជាច្រើនបានជាប់ជំពាក់ចិត្តលើគ្នា អ្នកខ្លះបានរៀបការ ឯអ្នកខ្លះទៀតទាក់ទងគ្នាប៉ុន្មានឆ្នាំក៏បែកគ្នាទៅវិញ។ ខាងក្រោមនេះគឺជាគូស្វាមីភរិយាដែលសុទ្ធតែជាតារាដូចគ្នា ៥ គូ បានសាងចំណងស្នេហ៍ទៅជាគូស្វាមីភរិយា បង្កើតគ្រួសារយ៉ាងផ្អែមល្ហែម កក់ក្ដៅបំផុត រហូតមកដល់ពេលបច្ចុប្បន្ន។
១. អ្នកនាង យក់ ឋិតរដ្ឋា និង លោក ឃុំ ប៉ុណ្ណាដែត
គូស្វាមីភរិយាតារាចម្រៀងខាងលើនេះ ត្រូវបានមហាជនដឹងថាអ្នកទាំងពីរចាប់ផ្តើមចំណងស្នេហ៍តាំងពីពួកគេនៅក្រុមចម្រៀង EV Band មកម្ល៉េះ។ ក្រោយសាងស្នេហ៍អស់រយៈពេលជិត ១០ ឆ្នាំ និង រឿងរ៉ាវជាច្រើន អ្នកនាង យក់ ឋិត រដ្ឋា និង លោក ឃុំ ប៉ុណ្ណាដែត បានបញ្ចប់ឈ្មោះជាសង្សារក្លាយទៅជាស្វាមីភរិយាស្របច្បាប់ ដោយចូលរោងការនៅឆ្នាំ ២០១៥ ។
២. អ្នកនាង ខាត់ សុឃីម និង លោក លោក អ៊ិន សុបញ្ញា ហៅ ផានូ
តារាចម្រៀងពហុជំនាញ ខាត់ សុឃីម បានចាប់ដៃសាងគ្រួសារជាមួយនឹងស្វាមី នៅចុងឆ្នាំ ២០១២ ជាមួយនឹងតារាប្រុស អ៊ិន សុបញ្ញា ហៅ ផានូ ។ ក្នុងនោះ គេដឹងថាទោះស្វាមីអ្នកនាង ខាត់ សុឃីម មានអាយុតិចជាងអ្នកនាង ពិតមែន ប៉ុន្តែអ្នកទាំងពីរបានផ្សារភ្ជាប់ចំណងស្វាមីភរិយាយ៉ាងមានសុភមង្គល។ លើសពីនោះ ទោះពេលកន្លងស្វាមីភរិយាមួយគូនេះ ធ្លាប់ជួបព្យុះភ្លៀងក្នុងមុខជំនួញក្តី ប៉ុន្តែ ខាត់ សុឃីម និង ស្វាមី នៅតែកាន់ដៃគ្នាជម្នះឧបសគ្គមកដល់ពេលនេះ។
៣. អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល
ទោះជាបានបែកបាក់ជីវិតគូរលើកទី ១ ក៏ពិតមែន អ្នកនាង គង់ សុជាតិ បានសាងស្នេហ៍ និង រៀបការជាលើកទី ២ យ៉ាងមានសុភមង្គល ជាមួយនឹងលោក ជា វិបុល ដែលជាមិត្តរួមការងារ និង សិស្សប្អូនរបស់អ្នកនាង។ គេបានដឹងថា អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល បានឆ្លងកាត់រឿងរ៉ាវជាច្រើនទម្រាំអ្នកទាំង ២ រស់នៅយ៉ាងមានសុភមង្គលដូចសព្វថ្ងៃនេះ។ ក្នុងនោះ ពិធីករពិធីការិនីរូបនេះ ធ្លាប់ឲ្យដឹងថា ទម្រាំអាចកាន់ដៃសាងគ្រួសារដូចពេលនេះ អ្នកទាំងពីរធ្លាប់ត្រូវបានឪពុកម្តាយ និង បងប្អូនទាំងសងខាងជំទាស់មិនឲ្យរៀបការនឹងគ្នាផងដែរ។
៤. អ្នកនាង គង់ ចាន់ស្រីមុំ និង លោក គឹម សីហា
មិនខុសពីសិល្បករសិល្បការិនីខាងលើនេះដែរ ក្រោយពីផ្តើមស្នេហ៍ជាសង្សារកាលពីជំនាន់ការប្រកួត Freshie Girl & Boy ហើយនោះ រយៈពេលប្រមាណជា ៨ ឆ្នាំ ទើបអ្នកទាំងពីររៀបការជាមួយគ្នានៅដើមឆ្នាំ ២០១៦ ។ ក្នុងនោះ អ្នកនាង គង់ ចាន់ស្រីមុំ និង លោក គឹម សីហា ធ្លាប់បានឲ្យដឹងថា អ្នកទាំងពីរធ្លាប់ឆ្លងកាត់រឿងរ៉ាវជាច្រើនក្នុងជីវិតគូកាលពីនាមជាសង្សារ រហូតក្លាយជាប្តីប្រពន្ធ ។ មិនត្រឹមតែប៉ុណ្ណោះ ទម្រាំដឹកដៃគ្នាចូលរោងការ អ្នកទាំងពីរខិតខំរកស៊ីសន្សំទ្រព្យជាមុនសិនដែរ ហើយបច្ចុប្បន្នអ្នកាទាំងពីររស់នៅយ៉ាងមានសុភមង្គល។
៥. អ្នកនាង កុល ដាវី និង លោក សុខ រក្សា
ក្រោយពីបានបើកចំហរពីទំនាក់ទំនងស្នេហានឹងគ្នាជាច្រើនឆ្នាំហើយនោះ តារាសម្តែង កុល ដាវី និង តារាចម្រៀង សុខ រក្សា បានសម្រេចរៀបការជាមួយគ្នានៅក្នុងខែមីនា ឆ្នាំ ២០១៩ ។ ទោះរយៈពេលជាងមួយឆ្នាំក្នុងនាមជាស្វាមីភរិយាក៏ពិតមែន ប៉ុន្តែមហាជនបានឃើញថាគូស្វាមីភរិយានេះ ពិតជារស់នៅមានសុភមង្គលយ៉ាងខ្លាំង ទោះកាលពីពេលកន្លងមក កុល ដាវី និង សុខ រក្សា ធ្លាប់បរាជ័យក្នុងមុខជំនួញ ក៏អ្នកទាំងពីរបានស្តាររបររកស៊ីរបស់ខ្លួនឡើងវិញបាន ។ លើសពីនោះ អ្វីដែលធ្វើឲ្យតារាទាំងពីរកាន់តែមានភាពជូរចត់មិនអាចបំភ្លេចបានទៀត គឺការបាត់បង់កូនតូចនៅក្នុងពោះទើបតែជាង ២ ខែនោះ តែយ៉ាងណា អ្នកទាំងពីរនៅតែក្រោកឈរ រឹងមាំ កសាងជីវិតគ្រួសារមួយតូចបានសម្រេច និង កំពុងមានសុភមង្គលនាពេលបច្ចុប្បន្ន៕