ផន សុផារី ទម្លាយថាឆ្លងទន្លេ ទោះបីវះកាត់ ឬ ធម្មជាតិ សុទ្ធតែប្តូរជីវិតប្រឈមមុខនឹងមច្ចុរាជគ្រប់ពេល
អតីតតារាកំប្លែងអ្នកនាង ផន សុផារី ទើបតែសម្រាលបានកូនស្រីម្នាក់ទៀតនៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ ដោយដំណក់ឈាមទីពីររបស់តារាស្រីរូបនេះ និង ស្វាមី មានមុខមាត់ឃ្យូដគួរឱ្យស្រឡាញ់មិនចាញ់កូនស្រីច្បងនាងប៉ុន្មានឡើយ ។
នៅមុននេះបន្ដិច មហាជនមានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីតារាស្រីរូបនេះ បានទម្លាយអារម្មណ៍ពិតរបស់ខ្លួន ក្រោយឆ្លងការរឿងរ៉ាវជាច្រើន ក្នុងនាមជាម្ដាយ តស៊ូគ្រប់យ៉ាង លះបង់ឈាមស្រស់ប្ដូរជីវិត បង្កើតកូនសម្រាប់មនុស្សជាទីស្រឡាញ់ និងក្រុមគ្រួសារ ។ សារនោះមានអត្ថន័យទាំងស្រុងថា ៖
ពាក្យថាឆ្លងទន្លេ ទោះបីវះកាត់ រឺធម្មជាតិ សុទ្ធសឹងតែជាការលះបង់ប្តូរជីវិតប្រឈមមុខនិងមច្ចុរាជគ្រប់ពេល!
-ខ្ញុំខ្លាចណាស់ម្ចុល
-ខ្លាចណាស់ស្នាមកាំបិទ
-ខ្លាចណាស់ការឈឺ
-ខ្លាចណាស់ថ្នាំពេទ្យ
ប៉ុន្តែ …
ទោះបីជាខ្ញុំត្រូវឈឺប៉ុនណា ស្នាមម្ចុលសុះសាច់ប៉ុនណា ស្នាមមុខរបួសមួយជិវិតយ៉ាងណា ទោះបីខ្ញុំខ្លាចពេទ្យយ៉ាងណា ក៏នៅតែពេលមួយដែលខ្ញុំត្រូវក្លាហាន ហ៊ានលះបង់សូម្បីជិវិត គឺជាពេលដែលខ្ញុំមានឈ្មោះជាម្តាយ គ្រប់យ៉ាង គឺដើម្បី កូន !!!
ចាំណាបងៗបុរសៗ ជាស្វាមីគ្រប់រូប បងកើតមកជាប្រុសគឺសំណាងណាស់ទៅហើយ ព្រោះមិនចាំបាច់មករដូវ មិនចាំបាច់ពពោះ ចាញ់កូន រឺស្គាល់ការឆ្លងទន្លេដូចមនុស្សស្រីទេ ដូច្នេះ សូមបងៗ ឃើញពីការលះបង់មួយនេះរបស់ភរិយាដែលខំបង្កើតកូនអោយបងផង កុំទុកប្រពន្ធចោល ទោះបីមានមនុស្សនៅជុំវិញខ្លួនប៉ុន្មាននាក់ក៏មិនសំខាន់ស្មើរនឹងវត្តមានរបស់ស្វាមីដែរ
ការយកចិត្តទុកដាក់ មើលថែ របស់បងៗជាកម្លាំងចិត្តតែមួយគត់ដែលភរិយាត្រូវការបំផុតនៅពេលនេះ៕