អីយ៉ាស់! ភ្ជាប់ពាក្យមិនទាន់បានប៉ុន្មានផង ហេង ចន្ថា បង្ហោះសារ «ពេលកើតទុក្ខយំគ្មានអ្នកដឹង»
បើគិតមកដល់ពេលនេះ ប្រមាណជាជិតកន្លះឆ្នាំហើយដែល ហេង ចន្ថា អតីត Miss Grand Cambodia ឆ្នាំ ២០១៦ បានភ្ជាប់ពាក្យជាមួយបុរសម្នាក់ទៅតាមប្រពៃណីខ្មែរ តែយ៉ាងណាអតីត Miss Grand រូបនេះ នៅមិនទាន់ក្លាហានបង្ហាញមុខគូដណ្តឹងជាសាធារណៈដល់មហាជនឃើញនៅឡើយទេ ។
បើទោះទទួលស្គាល់ថាបានភ្ជាប់ពាក្យក៏ពិតមែន ប៉ុន្តែកន្លងទៅនេះ ហេង ចន្ថា បានបដិសេធហើយពីការមិនបង្ហាញមុខគូដណ្តឹងជាចំហ ដោយនាងបានអះអាងថាមិនទាន់ដល់ពេល ហើយសូម្បីតែពេលវេលារៀបការ ក៏នាងមិនទាន់ទម្លាយឱ្យដឹងដែរ ។ ប្រការនេះបានធ្វើឱ្យអ្នកគាំទ្រអតីត Miss Grand រូបនេះងឿងឆ្ងល់យ៉ាងខ្លាំង ដោយបានលើកជាសំណួរឡើងថា តើមានមូលហេតុអ្វី ទើបបានជានាងធ្វើបែបនេះ ?
យ៉ាងណាមិញ ស្របគ្នានឹងការលើកឡើងជាសំណួរចាក់ស្រែះនេះ បើងាកទៅមើលអតីត Miss Grand ហេង ចន្ថា វិញហាក់ស្ងប់ស្ងាត់ណាស់ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ថ្មីៗនេះគឺការបង្ហោះសារប្លែកៗ ដែលមើលទៅខ្លឹមសារនៃសារនោះនាងហាក់កំពុងស្ថិតនៅក្នុងភាពឯកា ពោលគឺគ្មានអ្នកណាម្នាក់អាចយល់ចិត្តនាងឡើយ ។
«ខ្ញុំសើចសប្បាយមានអ្នកដឹងច្រើន តែពេលខ្ញុំកើតទុក្ខគ្មានអ្នកឮ ខ្ញុំយំគ្មានអ្នកស្តាប់ ខ្ញុំឯកាគ្មានអ្នកដឹង គ្មានអ្នកដឹងទេ មានតែយើងទេដែរដឹងពីខ្លួនឯងច្បាស់ អ៊ីចឹងក៏មានតែខ្លួនឯងទេដែលដឹងច្បាស់គ្រប់ពេល លួងខ្លួនឯងបានគ្រប់ពេល មែនអត់បងប្អូន???» ។ នេះជាការលើកឡើងរបស់អតីត Miss Grand ហេង ចន្ថា បង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកថ្មីៗនេះ តែយ៉ាងណានាងក៏បានដាក់ឃ្លាចុងក្រោយ Drama ទៀតផង ។
ទោះជាយ៉ាងនេះក្តី គេមិនបានដឹងច្បាស់ថា តើ ហេង ចន្ថា កំពុងតែមានវិបត្តិអ្វីក្នុងចិត្តឱ្យពិតប្រាកដនោះឡើយ ខណៈដែលនាងមិនទាន់បង្ហាញពីជីវិតឯកជននៅឡើយ។ ហើយតាមរយៈនេះ គេក៏មិនបានដឹងថានាងក៏កំពុងមានបញ្ហាជាមួយគូដណ្តឹង ឬ យ៉ាងនោះដែរ?
គួរឱ្យដឹងដែរងថា ហេង ចន្ថា បានភ្ជាប់ពាក្យស្ងាត់ៗជាមួយបុរសវ័យកណ្តាលម្នាក់ឈ្មោះ ប៉ាច រ៉ូណា កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២០ កន្លងទៅ ហើយនៅក្នុងពិធីភ្ជាប់ពាក្យរបស់នាងនោះ គេមិនបានឃើញវត្តមានអ្នកសិល្បៈចូលរួមឡើយ៕