ផ្តល់កម្លាំងចិត្តមួយ! សាយ ខំប្រឹងដើម្បីសប្បុរសធម៌រត់មិនខ្លាចនឿយ ពេលនេះចូលពេទ្យហើយ!
ប្រមាណជាជិតមួយខែហើយនៃដំណើរការកម្មវិធីរត់ដើម្បីសប្បុរសធម៌ជាមួយ សាយ ក្នុងការរៃអង្គាសថវិកាជួយដល់កុមារៗក្នុងមន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាបបើគិតពីថ្ងៃចាប់ផ្តើមទី ៦ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនោះ ។
អ្វីដែលគួរចាប់អារម្មណ៍ក្នុងដំណើរការរត់ដើម្បីសប្បុរសធម៌របស់ សាយ នេះ មកដល់ខេត្តកោះកុងនេះ គេបានកត់សម្គាល់ឃើញតារាចម្រៀង Original Song រូបនេះបានឆ្លងកាត់ឧបសគ្គជាច្រើន ទោះបីថាថ្ងៃក្តៅ ភ្លៀងត្រជាក់ និង ស្ថានភាពផ្លូវដ៏វែងឆ្ងាយយ៉ាងណា ក៏តារាចម្រៀងម្ចាស់បទ “ងប់ងល់” នេះនៅតែបន្តដំណើរ និង ជម្នះទៅមុខជានិច្ច ធ្វើឱ្យមហាជនលើកសរសើរយ៉ាងខ្លាំង ។
យ៉ាងណាមិញ ពេលនេះ សាយ បានធ្វើឱ្យមហាជនភ្ញាក់ផ្អើល និង កំពុងបារម្ភពីសុខភាពរបស់គេយ៉ាងខ្លាំងបន្ទាប់ពីរូបភាពគេងលើគ្រែពេទ្យត្រូវបានចែកចាយលើហ្វេសប៊ុក ។
ពេលនេះដែរក្រុមការងារយើងក៏បានទាក់ទងដោយផ្ទាល់ទៅតារាចម្រៀង សាយ និង ក្រុមការងារនៃកម្មវិធីខាងលើនេះដែរ ប៉ុន្តែនៅមិនមានការឆ្លើយតបទេ ដូច្នេះយើងក៏មិនទាន់បានដឹងច្បាស់ថា តារាចម្រៀង សាយ មានបញ្ហាសុខភាពអ្វីធ្ងន់ធ្ងរដែរ ។
បើងាកមកមើលតាមទំព័រផេកហ្វេសប៊ុកតារាចម្រៀង សាយ វិញ បានបង្ហាញឱ្យដឹងថា តារាចម្រៀងរូបនេះហាក់មិនមានអ្វីធ្ងន់ធ្ងរឡើយ ដោយក្នុងនោះ សាយ ក៏បានបង្ហោះសារលើហ្វេសប៊ុកដែរថា “ទោះមានរឿងអ្វីក៏ដោយ បើសិនជាខ្ញុំនៅតែអាចរត់បន្តទៅមុខទៀត ខ្ញុំនឹងមិនឈប់ទេ រហូតខ្ញុំអាចបញ្ចប់បេសកកម្មមួយនេះបាន ។ សូមកំលាំងចិត្តពីអ្នកទាំងអស់គ្នាមួយមក!!!” ។
គួរឱ្យដឹងដែរថា កន្លងទៅនេះ តារាចម្រៀង សាយ ត្រូវបានគេដឹងថាលោកមានបញ្ហាសុខភាពតាំងពីកំណើតនោះគឺជំងឺហឺត និង បញ្ហាបេះដូង ដូច្នេះប្រហែលជានៅពេលរត់លើផ្លូវដ៏វែងឆ្ងាយនោះ អាចធ្វើឱ្យហត់ ហើយសម្ពាធធ្លាក់ចុះ ទើបត្រូវពិនិត្យសុខភាពបែបនេះ ។ តែទោះជាយ៉ាងនេះក្តី អ្នកគាំទ្របានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពតារាចម្រៀងរូបនេះផងដែរ និង ជូនពររូបគេឆាប់បានធូរស្រាល ដើម្បីក្តីស្រមៃដ៏ធំធេងមួយនោះ ៕