
សិល្បការិនីកំប្លែងជើងចាស់ល្បី ៣ រូប មានប្រភពចេញពីអ្នកចម្រៀងអាយ៉ៃបុរាណ
ប្រិយមិត្តប្រាកដជាបានស្គាល់តារាកំប្លែងជើងចាស់ ៣ រូប គឺអ្នកស្រី នួន សារី អ្នកស្រី សួន សំអឿន និង អ្នកស្រី ណយ សំណាង ដោយអ្នកស្រីទាំង ៣ រូបមិនត្រឹមតែជាសិល្បការិនីកំប្លែងមានឈ្មោះល្បីល្បាញក្នុងឧស្សាហកម្មកម្សាន្តខ្មែរប៉ុណ្ណោះទេ ប៉ុន្តែអ្នកស្រីទាំង ៣ រូបក៏ជាសិល្បការិនីផ្នែកចម្រៀងអាយ៉ៃបុរាណដ៏ល្បីល្បាញផងដែរ ។
ទេពកោសល្យ និង ការសម្តែងចេញរបស់សិល្បការិនីជើងចាស់ទាំង ៣ រូបនេះ ក៏ត្រូវមហាជនកត់ចំណាំទុកក្នុងចិត្ត និង លើកសរសើរគ្រប់គ្នា ព្រោះនៅក្នុងរាល់ការសម្តែង និង ការច្រៀងអាយ៉ៃម្តងៗនោះ សិល្បការិនីជើងចាស់ទាំង ៣ រូបមិនត្រឹមតែបង្កសំណើចដល់បមហាជននោះទេ ប៉ុន្តែពួកគាត់តែងតែបានបង្កប់នូវខ្លឹមសារអប់រំដល់ក្មេងៗជំនាន់ក្រោយផងដែរ ។
បច្ចុប្បន្ននេះ បើទោះបីជាមានវ័យកាន់តែចាស់រៀងៗខ្លួនក្តី ប៉ុន្តែសិល្បការិនីជើងចាស់ទាំង ៣ រូបនេះ នៅតែបន្តចាប់អាជីពសិល្បៈរបស់ខ្លួនដដែល ដោយនៅក្នុងនោះគេកត់សម្គាល់ឃើញពួកគាត់តែងតែបង្ហាញខ្លួនក្នុងការសម្តែងកំប្លែងខ្លីៗតាមប៉ុស្តិ៍ទូរទស្សន៍ សម្តែងរឿងភាគ និង ច្រៀងអាយ៉ៃយូរៗម្តង ទៅតាមការអញ្ជើញពីមហាជននោះ ។
គួរឱ្យដឹងដែរថា ក្រោយប្រឡូកក្នុងវិស័យសិល្បៈទាំងផ្នែកបុរាណ (ចម្រៀងអាយ៉ៃ) និង ផ្នែកកំប្លែងសម័យយ៉ាងយូរនោះ សិល្បការិនីជើងចាស់ទាំង ៣ ដួង ក៏បានទទួលងារពីរដ្ឋាភិបាលជាវីរសិល្បការិនីឆ្នើម ដែលតែងតែបានជួយលើកស្ទួយលើកតម្កើងសិល្បៈខ្មែរផងដែរ ៕