ម៉ានីកា នៅតែបន្តអាជីពសិល្បៈ ក្រោយចូលរោងជ័យឆ្នាំក្រោយ
តារាសម្តែងរូបស្រស់ ម៉ានីកា បានសម្រេចចិត្តភ្ជាប់ពាក្យតាមប្រពៃណីខ្មែរ ជាមួយតារាសម្តែង លោក ឡោ វណ្ណារ័ត្ន ហៅចន កាលពីចុងខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ ក្រោយពីស្វែងយល់ចិត្តថ្លើមគ្នាប្រមាណ បីខែ ប៉ុណ្ណោះ។
បើតាមគម្រោងតារាសម្តែង ម៉ានីកា នឹងចូលរោងការទៅតាមប្រពៃណីខ្មែរនៅក្នុងឆ្នាំ ២០២១ ខាងមុខនេះ ដោយគ្រោងនឹងអញ្ជើញភ្ញៀវជាអ្នកក្នុង និង ក្រៅសិល្បៈប្រមាណជា ៩០ តុ។ យ៉ាងណាមិញ មុននឹងសម្រេចចិត្តភ្ជាប់ពាក្យ ម៉ានីកា និង គូដណ្តឹង បានស្គាល់គ្នាប្រមាណជាពីរឆ្នាំមកហើយ។ កន្លងមកពួកគេក៏បានសម្តែងរឿងរួមគ្នាផងដែរ តែសម្រាប់ការចាប់ផ្តើមស្រឡាញ់និង ស្វែងយល់ចិត្តគ្នានោះ គឺប្រមាណតែបីខែប៉ុណ្ណោះ។
ដោយសារពួកគេទាំងពីរជាអ្នកសិល្បៈដូចគ្នាបែបនេះ ក្រោយរៀបការតារាសម្តែង ម៉ានីកា និង អនាគត ស្វាមី នឹងនៅតែបន្តនៅក្នុងអាជីពនេះ។
គួរឱ្យដឹងថា ម៉ានីកា ជាតារាសម្តែងដែលមានសម្រស់ស្រស់ស្អាត និង មានឈ្មោះបោះសំឡេងគួរសមក្នុងវិស័យសិល្បៈ តែភាគច្រើននាងមិនដែលមានឱកាសបានសម្តែងជាតួឯកនោះទេ៕