អតីតតួខ្មោច នាង ណាត ចេញមុខគាំទ្រក្រុមបាតុកម្ម រហូតត្រូវគេប្តឹងចូលប៉ុស្តិ៍
កាលពីថ្ងៃអង្គារ ទី ២០ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ អតីតតួឯកស្រីក្នុងរឿងខ្មោចថៃបុរាណ «នាងណាត» ឈ្មោះ Intira Charoenpura ត្រូវបានអ្នកនយោបាយល្បីម្នាក់ដាក់ពាក្យបណ្តឹងទៅប៉ូលិស ប្រឆាំងនឹងអតីតតារាស្រីរូបនេះដែលបានផ្តល់ថវិកាដោយចំហដល់បាតុកម្មប្រឆាំងរដ្ឋាភិបាលកាលពីចុងសប្តាហ៍មុន ។
ក្នុងបណ្តឹងនោះ នាង Intira Charoenpura ត្រូវបានគេលើកឡើងថាបានគាំទ្រចលនាមួយដែលបានព្យាយាមផ្តួលរំលំរបបរាជានិយម និង នៅមានបណ្តឹងដាច់ដោយឡែកមួយទៀត ដែលគេបានចោទប្រកាន់នាងថាជាអ្នករៀបចំការប្រព្រឹត្តិការណ៍ប្រមាថព្រះមហាក្សត្រ ដែលបណ្តឹងនេះត្រូវបានគេដាក់បញ្ជូនទៅប៉ូលិសរួចរាល់ហើយកាលពីថ្ងៃចន្ទ ទី ១៩ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ។
ការដាក់ពាក្យប្តឹងដល់អតីតតារាស្រី Intira Charoenpura នេះដែរ នៅមិនទាន់មានការបញ្ជាក់ពីបទល្មើសថាតារាស្រីរូបនេះនឹងមានទោសអ្វីដែរ ទោះបីជាអ្នកនយោបាយខាងលើបាននិយាយថានាងបានតវ៉ា និង រំលោភច្បាប់ប្រទេស ដូចជា ការប្រមូលផ្តុំ និង ការបំពានសកម្មភាពគ្រប់គ្រងជំងឺក្នុងប្រទេសក៏ដោយ ។
គួរឱ្យដឹងដេរថា មូលហេតុដែលឈានដល់ការដាក់ពាក្យបណ្តឹងអតីតតួនាង ណាត នេះ គឺដោយសារអតីតតារាសម្តែងដ៏មានឈ្មោះល្បីរូបនេះ បានចូលរួមយ៉ាងពេញទំហឹងគាំទ្រដល់ក្រុមបាតុកម្ម ដោយបានដាក់គោលដៅសម្រាប់រៃអង្គាសប្រាក់បរិច្ចាគ និង ផ្តល់អាហារឱ្យក្រុមបាតុករនៅកន្លែងប្រមូលផ្តុំ ៕
ប្រភព ៖ khaosodenglish