អ្នកគាំទ្រស្ដាយខ្លាំង ក្រោយលោក សុខ ចាន់ផល ថាអាចនឹងឈប់សរសេរទំនុកចម្រៀងជារៀងរហូត!
ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយពីអ្នកនិពន្ធទំនុកចម្រៀងដ៏មានឈ្មោះល្បីគឺលោក សុខ ចាន់ផល ដោយមានបទចម្រៀងជាច្រើនត្រូវបានលោកសរសេរឡើង និង បានផ្តល់ឱ្យតារាចម្រៀងល្បីៗមួយចំនួនលំដាប់ប្រទេសនាសម័យថ្មីនេះបានច្រៀង ដើម្បីឈោងចាប់យកភាពល្បីល្បាញ ។
លោក សុខ ចាន់ផល មិនត្រឹមតែជាអ្នកនិពន្ធទំនុកចម្រៀងដ៏ល្បីល្បាញមួយរូបប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ជាអ្នកនិពន្ធរឿងប្រលោមលោកដ៏ឆ្នើម និង ទឹកដៃល្អថែមទៀតផង ក្នុងវិស័យនិពន្ធនៅកម្ពុជា ។ យ៉ាងណាមិញ ស្រាប់តែនៅថ្មីៗនេះ លោក សុខ ចាន់ផល បានសរសេរសារប្រកាសជាសាធារណៈមួយបង្ហោះចូលបណ្តាញសង្គមហ្វេសប៊ុក ធ្វើឱ្យអ្នកគាំទ្រស្នាដៃរបស់លោកទទួលអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ពិតណាស់លោក សុខ ចាន់ផល បានប្រកាសលើហ្វេសប៊ុកថា លោកអាចនឹងឈប់សរសេរទំនុកច្រៀងតទៅទៀតហើយ តែយ៉ាងណាលោកក៏បានបន្ថែមទៀតថា ប្រិយមិត្តក៏នៅតែអាចបន្តស្តាប់ឮបទចម្រៀងដែលលោកធ្លាប់បានសរសេរកាលពីកន្លងមកបានដដែល ។ «ខ្ញុំអាចនឹងឈប់សរសេរទំនុកច្រៀងជារៀងរហូត តែលោកអ្នកក៏នៅតែអាចស្ដាប់ឮបទចម្រៀងដែលខ្ញុំធ្លាប់សរសេរដដែល… ទេពកោសល្យរបស់ខ្ញុំ ខ្ញុំបានចាយវាអស់ហើយ ហើយខ្ញុំគ្រាន់តែសង្ឃឹមថា ខ្ញុំនឹងបានសម្រាកនៅក្នុងជីវិតចុងក្រោយនេះ» ។ នេះជាការលើកឡើងរបស់អ្នកនិពន្ធ សុខ ចាន់ផល នៅលើបណ្តាញសង្គមហ្វេសប៊ុកថ្មីៗនេះ ។
ជាមួយនឹងការបង្ហោះសារប្រកាសក្តែងៗបែបនេះ បានធ្វើឱ្យប្រិយមិត្តអ្នកគាំទ្ររាល់ស្នាដៃរបស់អ្នកនិពន្ធ សុខ ចាន់ផល ជាច្រើនសម្តែងអារម្មណ៍សោកស្តាយ និង ស្រងាកចិត្តគ្រប់គ្នាជាមួយការសម្រេចចិត្តឈប់បែបនោះ ។ ក្នុងនោះក៏មានការសំណូមពរពីប្រិយមិត្តសុំឱ្យអ្នកនិពន្ធ សុខ ចាន់ផល នៅបន្តសរសេរទំនុកច្រៀងទៀត ព្រោះពួកគេចង់ស្តាប់ទំនុកច្រៀងដែលជាស្នាដៃរបស់អ្នកនិពន្ធរូបនេះខ្លាំង ៕