![ជិតចប់កុងត្រា អ៊ីណូ ថាកន្លែងណាត្រជាក់ត្រជុំ នឹងបន្តនៅទីនោះ](https://www.popular.com.kh/wp-content/uploads/2020/10/Master-for-Web-21.jpg)
ជិតចប់កុងត្រា អ៊ីណូ ថាកន្លែងណាត្រជាក់ត្រជុំ នឹងបន្តនៅទីនោះ
បើទោះបីជាមួយរយៈចុងក្រោយនេះ មានតារាចម្រៀងជាច្រើនបានសម្រេចចិត្តដូរទ្រនំក៏ពិតមែន តែសម្រាប់តារាចម្រៀងដែលពូកែលេងស្ទីលរាំលោក អ៊ីណូ ហាក់មិនមានបំណងចង់ចាកចេញពីទ្រនំចាស់ផលិតកម្មសាន់ដេឡើយ បើទោះជាលោកជិតចប់កុងត្រាជាមួយផលិតកម្មនេះក៏ដោយ ។
តារាចម្រៀង អ៊ីណូ ក៏ជាតារាចម្រៀងដែលមានឈ្មោះបោះសំឡេងគួរសមដែរនៅក្នុងផលិតកម្មសាន់ដេ ក្រៅពីច្រៀងលោកក៏មានសមត្ថភាពអាចនិពន្ធបទចម្រៀងបានដោយខ្លួងឯង ហើយបើតាមគម្រោង អ៊ីណូ នឹងត្រូវបញ្ចប់កុងត្រានៅក្នុងឆ្នាំ ២០២១ ខាងមុខនេះ តែលោកមិនមានបំណងចង់ផ្លាស់ប្តូរទ្រនំថ្មីនោះទេ ។ សម្រាប់លោក អ៊ីណូ ការផ្លាស់ប្តូរផលិតកម្មមិនមែនជារឿងសម្រាប់លោកត្រូវយកចិត្តទុកដាក់ឡើយ ព្រោះកន្លែងណាត្រជាក់ត្រជុំ និង ផ្តល់តម្លៃ លោកនឹងបន្តនៅទីនោះ ។
មិនមែនជារឿងលេងសើចទេ ព្រោះក្រៅពីបោះទុនប្រមាណជាកន្លះលានដុល្លារសម្រាប់បើកកន្លែងលក់រថយន្តផ្ទាល់ខ្លួន ដែលមានទីតាំងនៅជិតផ្សារទំនើបអ៊ីអន ២ នោះ អ៊ីណូ ក៏មានស្ទូឌីយោផ្ទាល់ខ្លួននៅទីនោះផងដែរ ព្រោះក្រៅពីនិពន្ធបទចម្រៀងផ្ទាល់ខ្លួន លោកក៏និពន្ធឱ្យផលិតកម្មផ្សេងដែរ ។ បើគិតមកដល់ពេលនេះ អ៊ីណូ បានប្រឡូកក្នុងវិស័យសិល្បៈប្រមាណជា ១៨ ឆ្នាំហើយ ដោយសារតែការខិតខំប្រឹងប្រែង លោកអាចវិវឌ្ឍន៍ពីតារាចម្រៀងដែលរកប្រាក់បានមួយថ្ងៃត្រឹមតែ ៥ ដុល្លារ រហូតមានការផ្លាស់ប្តូរដូចសព្វថ្ងៃនេះ ៕