គូស្នេហ៍ ខេម ត្រូវអ្នកគាំទ្រសង្ស័យថា ជាតារាចម្រៀងកំពុងរស់នៅក្រៅប្រទេស
មួយរយៈចុងក្រោយនេះ តារាចម្រៀងសម្លេងស្អក ខេម កាន់តែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនក្រោយពីលោកបានហក់ចូលក្នុងផលិតហ្គាឡាក់ស៊ីណាវ៉ាត្រា កាលពីមួយរយៈមុន។ ហើយអ្វីដែលកាន់តែចាប់អារម្មណ៍នោះគឺ លោកបានបង្ហោះសារជូនពរគូស្នេហ៍យ៉ាងផ្អែមល្ហែមជាលើកដំបូង នៅលើបណ្ដាញសង្គមហ្វេសប៊ុកឥតលាក់លៀម ដែលធ្វើឱ្យអ្នកគាំទ្រចង់ឃើញមុខនារីម្នាក់នោះជាខ្លាំង។
ជាមួយនឹងសារជូនពរយ៉ាងផ្អែមល្ហែមរបស់តារាចម្រៀង ខេម ដល់គូស្នេហ៍ ដែលអះអាងថាស្រឡាញ់ស្មើជីវិតនោះ បានធ្វើឱ្យអ្នកគាំទ្រមានការចង់ឃើញមុខនារីរូបនេះជាខ្លាំងថា តើជាអ្នកនៅក្នុងពិភពសិល្បៈ ឬ ក្រៅសិល្បៈ? ហើយតើនាងមានសម្រស់ស្អាតបែបណា?
ក្នុងនោះ បើតាមប្រភពអ្នកក្នុងរង្វង់សិល្បៈលេចឮថា គូស្នេហ៍របស់ ខេម គឺជាតារាចម្រៀងរូបស្រស់ម្នាក់ ដែលកំពុងរស់នៅប្រទេសអូស្ត្រាលី ហើយមួយរយៈមុន នាងក៏ធ្លាប់បានមកលេងស្រុកខ្មែរ និង បានឡើងច្រៀងនៅតាមកញ្ចក់ទូរទស្សន៍ទៀងផង។
បើទោះមួយរយៈចុងក្រោយតារាចម្រៀង ខេម ប្រឈមនឹងរឿងរ៉ាវចម្រូងចម្រាស់មួយចំនួនក៏ពិតមែន តែពេលនេះអ្វីៗបានល្អប្រសើរឡើងវិញហើយ។ ខេម កាន់តែមានឈ្មោះបោះសំឡេងថែមមួយកម្រិតទៀត បន្ទាប់ពីបានចេញបទចម្រៀងដែលច្រៀងទោលជាច្រើនបទ និង ចាប់ដៃគូ ជាមួយតារាចម្រៀង តន់ ច័ន្ទសីម៉ា ក្នុងផលិតកម្មថ្មី៕
រូបថត ៖ ហ្វេសប៊ុក