ជិតមួយឆ្នាំហើយ ឡាយ លក្ខិណា នៅតែចាយជីវិតឡូយឆាយលើទឹកដីកាណាដាដដែល
រយៈពេលជិតមួយឆ្នាំហើយដែលតារាម្រៀង និង សម្តែង ឡាយ លក្ខិណា បានចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទសកាណាដា តាំងពីខែធ្នូ ឆ្នាំ ២០១៩ មកម្ល៉េះ។ បើរំឭកពីការធ្វើដំណើរដំបូងរបស់តារារូបនេះ ឡាយ លក្ខិណា ធ្លាប់បានបង្ហើបថា «នាងចាកចេញទៅសម្តែងតែប៉ុណ្ណោះ» តែពេលវេលាកាន់តែរំកិលទៅមុខ តារារូបនេះក៏នៅតែមិនទាន់បានវិលត្រលប់មកវិញ ។
ម្យ៉ាងវិញកាលពីដើមឆ្នាំ ២០២០ កន្លងទៅ ឡាយ លក្ខិណា ក៏ធ្លាប់បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់នាងដែរថា «ចង់វិលមកកម្ពុជា ប៉ុន្តែកូវីដ ១៩ កំពុងរាតត្បាត» ហើយមកដល់ពេលនេះនាងក៏មិនទាន់បានបញ្ជាក់សាជាថ្មីម្តងទៀតឡើយថានឹងវិលត្រលប់មកវិញនៅពេលណា ។
ទោះជាយ៉ាងណាក៏ដោយ កំពុងតែរស់នៅឆ្ងាយស្រុកកំណើត ឡាយ លក្ខិណា ហាក់បង្ហាញនូវសេចក្តីសុខយ៉ាងខ្លាំងក្នុងជីវិតប្រចាំថ្ងៃរបស់នាងលើទឹកដីប្រទេសកាណាដា ដែលមើលទៅតារារូបនេះដូចជាប្រជាជនរស់នៅទីនោះតាំងពីកំណើតមកម្ល៉េះ ហើយចំណុចនេះដែរក៏ត្រូវបានមហាជនលើកឡើងថា «តាមមើលទៅ ឡាយ លក្ខិណា ជាតារាដែលឧស្សាហ៍ចេញចូលក្រៅប្រទេសញឹក ជាពិសេសប្រទេសកាណាដា ទើបធ្វើឲ្យនាងហាក់ស៊ាំក្នុងបរិយាកាស និង ទីកន្លែងក្នុងការរស់នៅបានលឿនយ៉ាងនេះ!» ៕