អាយុមិនទាន់ ៣០ ឆ្នាំផង យ៉ាយ៉ា មានទ្រព្យសម្បត្តិដល់ខ្ទង់លានដុល្លារ
ប្រសិនបើប្រិយមិត្តជាអ្នកចូលចិត្ដតាមដានទស្សនាខ្សែភាពយន្ដរឿងភាគថៃគឺប្រាកដជាបានស្គាល់ Urassaya Sperbund ដែលទស្សនិកជនតែងហៅថានាងថា Yaya ដោយតារាសម្ដែងថៃស្រីដ៏ប្រជាប្រិយភាពមួយរូបនេះ តែងតែលេចមុខនៅក្នុងរឿងល្បីៗជាច្រើនដូចជា ខ្សែភាពយន្ដរឿង «Brother of the year»,«The Crown Princess» រួមទាំងរឿង «រលកជីវិត» ដែលសុទ្ធសឹងតែជារឿងល្បីៗប្រចាំឆ្នាំ និង ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ។
ជាការពិតណាស់ ចាប់តាំងពី YaYa បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងវិស័យសិល្បៈនាឆ្នាំ ២០០៨ នាងតែងតែធ្វើខ្លួនជាតារាស្រីមួយរូបដែលគួរឲ្យស្រឡាញ់ និង ធ្វើឲ្យមហាជននៅតែគាំទ្រនាងជានិច្ច ។ មិនថាចូលប្រឡូកក្នុងវិស័យសិល្បៈយូរប៉ុនណា ក៏ YaYa នៅតែរក្សាដំណែងជាតួឯកស្រីដ៏ប្រជាប្រិយភាពមិនឲ្យរបូតពីដៃសោះឡើយ ។
យោងតាមទិន្នន័យក្នុងឆ្នាំ ២០១៩ ត្រឹមវ័យ ២៧ ឆ្នាំ Urassaya Sperbund មានទ្រព្យសម្បតិ្តប្រហែល ៣ លានដុល្លារទៅហើយ នេះបើតាមការបព្ជាក់របស់បណ្ដាញសង្គមមួយនៅក្នុងប្រទេសថៃ ។ ជាធម្មតានាងអាចរកចំណូលទាំងនោះបានតាមរយៈការលេចមុខនៅក្នុងខ្សែភាពយន្តល្បីៗ, កម្មវិធីទូរទស្សន៍,ម៉ូដែលពាណិជ្ជកម្ម និង រួមទាំងជាឯកអគ្គរាជទូតរបស់ផលិតផលម៉ាកល្បីៗជាច្រើនដែលគេស្គាល់ និង ពេញនិយមប្រើប្រាស់ ។ ម៉្យាងទៀត នាងក៏ជាតារាសម្តែងស្រីជួរមុខប្រចាំប៉ុស្ដិ៍ទូរទស្សន៍ដ៏ល្បីនៅក្នុងប្រទេសថៃផងដែរ ទើបធ្វើឲ្យនាងអាចរកចំណូលបានច្រើនយ៉ាងនេះ ៕