សុខៗ! ពេជ្រ សោភា រៀបរាប់ថានឹក និង ទម្លាយពីអត្តចរិត សាន ស្រីឡៃ កាលនៅរស់ ធ្វើឱ្យអ្នកគាំទ្ររំជួលចិត្ត
៥ ឆ្នាំហើយ ដែលអតីតបេក្ខភាពកម្មវិធី The Voice Cambodia រដូវកាលទី ១ សាន ស្រីឡៃ បានលាចាកលោកនេះ តែមហាជនអ្នកគាំទ្រ និង មិត្តសិល្បករ សិល្បការិនីជាច្រើននៅតែនឹករឭកដល់រូបនាងជានិច្ច។
យ៉ាងណាមិញ មួយរយៈចុងក្រោយនេះបើក្រឡេកទៅមើលអ្នកនាង ពេជ្រ សោភា ដែលគេបានដឹងថាជា Coach ក្នុងកម្មវិធី The Voice Cambodia រដូវកាលទី ១ របស់ សាន ស្រីឡៃ បានបង្ហោះសារបង្ហាញអារម្មណ៍នឹករឭកដល់នាងយ៉ាងខ្លាំង។
ក្នុងនោះ កាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ អ្នកនាង ពេជ្រ សោភា បានបង្ហោះសារនឹករឭកដល់ សាន ស្រីឡៃ ព្រមទាំងបានទម្លាយពីអត្តចរិតតារាចម្រៀងស្រីរូបនេះកាលនៅរស់ទៀតផង។
អ្នកនាង ពេជ្រ សោភា បានបង្ហោះសារថា ៖ «ហេតុអីប៉ុន្មានថ្ងៃនេះនឹកខ្លាំងនេះ មនុស្សល្អរបស់បងអើយ! ទៅដល់កន្លែងណាហើយ? ទៅទាំងមិនបានត្រៀមខ្លួន។ ស្អប់ណាត់ជួបបង សន្យាថា ១០ នាទី ទៀតដល់ផ្ទះអ្នកគ្រូហើយ តែ ១០ នាទីពិតមែន គឺទៅបាត់ហើយ ដឹងទេគេគ្រប់គ្នានឹក»។ លើសពីនោះ អ្នកនាង ពេជ្យ សោភា បានបន្ថែមមតិនៅខាងក្រោមរូបថត សាន ស្រីឡៃ ទៀតថា ៖ «ខ្ញុំនិយាយត្រង់ ខ្ញុំនឹកគាត់ណាស់! ក្មេងស្រីម្នាក់នេះ មានភាពស្មោះត្រង់ណាស់ ខ្ញុំជាអ្នកបង្វឹក ខ្ញុំស្គាល់ចរិតគាត់»៕