មានករណីរបស់ស្រ្តីម្នាក់នៅវៀតណាម ដែលបានរត់ចេញពីបន្ទប់វះកាត់ជំងឺមហារីក ព្រោះតែសម្រេចចិត្តជឿតាមគ្រូថ្នាំបុរាណវិញ។
តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីរូបនេះមានវ័យ ៣៣ ឆ្នាំ នាងត្រូវបានវិនិច្ឆ័យឃើញថាមានជំងឺមហារីកពោះវៀនធំដំណាក់កាលដំបូង។ គ្រូពេទ្យបានណែនាំថា ដំណាក់កាលនេះបើសិនជាព្យាបាលអាចនឹងមានឱកាសជាសះស្បើយខ្ពស់ ពោលគឺព្យាបាលដោយការវះកាត់ និង ចាក់គីមី ហើយនាងក៏បានយល់ព្រមធ្វើការតាមការណែនាំរបស់គ្រូពេទ្យ។ លុះដល់ថ្ងៃវះកាត់ ខាងគ្រូពេទ្យរៀបនឹងដាក់ថ្នាំសន្លប់ទៅហើយ ស្រាប់តែម្តាយ និង ប្តីរបស់នាងបានខលមកឱ្យបញ្ឈប់ការវះកាត់ជាបន្ទាន់ ព្រោះមានគ្រូថ្នាំបុរាណប្រាប់មកថាការវះកាត់អាចធ្វើឱ្យមានគ្រោះថ្នាក់ ហើយជំងឺនេះអាចព្យាបាលបានដោយមិនបាច់ធ្វើការវះកាត់ឡើយ។
យ៉ាងណាមិញ ដោយសារតែជឿតាមម្តាយ និង ប្តី ស្រ្តីរូបនេះក៏ប្រកែកមិនព្រមទទួលការវះកាត់ ហើយក៏រត់ចេញពីបន្ទប់វះកាត់ទៅផ្ទះវិញបាត់ទៅ។ ខាងគ្រូពេទ្យពិតជាហួសចិត្ត និង ស្តាយជំនួសអ្នកជំងឺរូបនេះណាស់ ព្រោះបើនាងវះកាត់ នាងអាចមានឱកាសជាសះស្បើយបានខ្ពស់ ហើយបើនាងមិនព្យាបាលតាមក្បួនវេជ្ជសាស្រ្តត្រឹមត្រូវ វាអាចនឹងធ្វើឱ្យជំងឺរបស់នាងវិវត្តទៅដំណាក់កាលចុងក្រោយ និង ធ្វើឱ្យកាន់តែពិបាកក្នុងការព្យាបាល៕
ប្រភព៖ Sanook