ពិតជាក្តៅគគុកខ្លាំងណាស់សម្រាប់ជម្លោះព្រំដែនកម្ពុជាថៃ ដែលឈានដល់ការផ្ទុះអាវុធនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ ដោយភាគីអ្នកបង្កគឺជាប្រទេសថៃ ដែលចាប់ផ្តើមការវាយប្រហារមកលើកម្ពុជាមុន។
យ៉ាងណាមិញ ថ្មីៗនេះ លោកស្រី Pae Thongtharn ដែលជាអតីតនាយករដ្ឋមន្រ្តីថៃ និង សព្វថ្ងៃជារដ្ឋមន្រ្តីក្រសួងវប្បធម៌របស់ថៃ បានចេញសារវែងអន្លាយនៅលើបណ្តាញសង្គម Facebook របស់ខ្លួន ដោយបានរៀបរាប់ភាពបរិសុទ្ធរបស់ប្រទេសថៃ ហើយថ្កោលទោសមកលើកម្ពុជាថាជាអ្នកបង្ករឿងមុន។ Pae Thongtharn បានឱ្យដឹងថា នាងសូមថ្កោលទោសមកលើប្រទេសកម្ពុជាក្នុងការបង្កហិង្សានៅតាមជាយដែន និង ជាអ្នកចាប់ផ្តើមប្រើប្រាស់អាវុធមុន ដែលនេះចាត់ទុកថាជាការបំពានច្បាប់អន្តរជាតិ និង ជាពិសេសគឺសិទ្ធមនុស្ស ក៏ដូចជាសីលធម៌ ព្រោះតែមានការប៉ះពាល់ទៅដល់មន្រ្តីអាជ្ញាធរ និង ប្រជាជនស្លូតត្រង់ថៃជាច្រើននាក់។
លោកស្រី Pae ThongTharn បានបន្តថា កន្លងមកភាគីថៃតែងតែព្យាយាមចរចារតាមរយៈការទូត ដើម្បីការពារមិនឱ្យមានការប៉ះទង្គិច ភាគីថៃតែងតែស៊ូទ្រាំ និង ឈរលើផ្លូវសន្តិវិធីជានិច្ច ព្រោះជាជឿថាសន្តិភាពគឺជាផ្លូវដ៏ល្អបំផុតក្នុងការដោះស្រាយបញ្ហាជម្លោះរវាងប្រទេស។ កងកម្លាំងរបស់ថៃគ្រប់កម្លាំង កំពុងតែធ្វើការពេញទំហឹង និង សង្ឃឹមថាវិធានការណ៍ផ្សេងៗដែលកំពុងតែធ្វើ នឹងអាចជួយបញ្ឈប់អំពើហិង្សា ហើយនាំសន្តិភាពមកជូនប្រជាជនវិញ។ លោកស្រី Pae Thongtharn សូមគាំទ្រគ្រប់វិធានការណ៍តបតរបស់រដ្ឋាភិបាល យោធា និងក្រសួងការបរទេស ក្រោមក្របខណ្ឌច្បាប់ និងគោលការណ៍អន្តរជាតិ ហើយក៏សូមលើកទឹកចិត្តដល់មន្រ្តីទាំងឡាយដែលកំពុងបំពេញកាតព្វកិច្ចផងដែរ៕