ក្រោយពីមានករណីស្រ្តីជនជាតិខ្មែរ បានទាស់សម្តីជាមួយនឹងទាហានថៃផ្អើលប្រាសាទតាមាន់ធំមក ពេលនេះមេទ័ពភូមិភាគ ២ Boonsin Padklang បានកើតការមិនសុខចិត្ត និង បានស្នើឱ្យមានការប្រជុំជាមួយនឹងភាគីខ្មែរ ដើម្បីបង្កើតឱ្យមានការរៀបចំសណ្តាប់ធ្នាប់ភ្ញៀវទេសចរណ៍នៅប្រាសាទតាមាន់ធំជាថ្មី។
លទ្ធផលនៃការប្រជុំ ខាងថៃបានអះអាងថាមានការយល់ព្រមគ្នាទៅលើ ៣ ចំណុចដូចជា៖
១. បើសិនជាភ្ញៀវទេសចរណ៍របស់ភាគីណាមួយបង្កបញ្ហា ភាគីនោះត្រូវតែទទួលខុសត្រូវ ដោយនាំយកជនបង្កបញ្ហានោះចេញពីតំបន់ប្រាសាទ
២. ហាមមិនឱ្យមានការបញ្ជូនទាហានមកបន្ថែម បើសិនជាមានបញ្ហាណាមួយកើតឡើង គឺតម្រូវឱ្យមានអង្គភាពសម្របសម្រួលព្រំដែនចំនួន ៧ នាក់ចូលមកដោះស្រាយ និង ចរចា ចៀសវាងការប្រឈមមុខដាក់គ្នា។
៣. ភាគីទាំងសងខាង ត្រូវតែពិនិត្យមើលភ្ញៀវទេសចរណ៍ឱ្យមែនទែន មុននឹងអនុញ្ញាតឱ្យឡើងមកទស្សនាប្រាសាទ។
ដោយឡែក Boonsin Padklang បានបញ្ជាក់ថា មេដឹកនាំកម្ពុជាគួរតែសុំទោសថៃ និង ស្តីបន្ទោសទៅកាន់ស្រ្តីដែលចង្អុលមុខទាហានថៃ ព្រមទាំងចាត់វិធានការណ៍ជាមួយនឹងទាហានខ្មែរដែលរុញទាហានថៃឱ្យដួលក្នុងករណីនោះ។ ចំណែកបុរសដែលលួចដាល់ទាហានខ្មែរកាលពីប៉ុន្មានថ្ងៃមុននោះ ខ្លួនក៏បានរៀបចំដាក់ទោសរួចរាល់ហើយ ដោយម្ចាស់ខ្លួនក៏យល់ព្រមទទួលការចោទប្រកាន់ដែរ៕
ប្រភព៖ Khaosod