ទាក់ទងគ្នាបាន ៨ ខែ ឥលូវ Camila Cabello ល្បីថាចែកផ្លូវគ្នាជាមួយមិត្តប្រុសទៀតហើយ
កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ សារព័ត៌មាន Pagesix បានចេញផ្សាយថា តារាចម្រៀងស្រី Camila Cabello និង មិត្តប្រុសជា ស្ថាបនិកបច្ចេកវិទ្យា Austin Kevitch បានសម្រេចដើរផ្លូវរៀងខ្លួនហើយ ក្រោយទាក់ទងមើលចិត្តថ្លើមគ្នាបានត្រឹម ៨ ខែ។
តាមសារព័ត៌មានដដែលបានឱ្យដឹងទៀតថា៖ « The Lox Club បានចេញលិខិតប្រកាសថា Austin បានត្រឡប់មកជីវិត single វិញហើយ»។ គួរបញ្ជាក់ថា Lox Club គឺជាកម្មវិធី dating មួយដែលបង្កើតឡើងដោយលោក Austin Kevitch ផ្ទាល់។
ទោះជាយ៉ាងណា ចំពោះបញ្ហាបែកគ្នាទំនាក់ទំនងស្នេហារវាងតារាស្រី Camila Cabello និង លោក Austin Kevitch នេះដែរ ខាងអ្នកតំណាងសាមីខ្លួនទាំង ២ នៅមិនទាន់បានចេញមុខមកបញ្ជាក់នៅឡើយទេ។ គួររំឭកថា តារាចម្រៀង Camila និង Austin បានប្រទះឃើញទាក់ទងគ្នាដំបូងក្នុងខែមិថុនា ឆ្នាំ ២០២២ នាក្រុង Los Angeles សហរដ្ឋអាមេរិក។ រយៈពេល ២ ខែក្រោយមក ពួកគេទាំងពីរ កាន់តែបង្ហាញភាពផ្អែមល្ហែមទ្វេដង និង បន្តសកម្មភាពស្និទ្ធស្នាលបែបនេះ រហូតដល់ពេលដែលពួកគេត្រូវបានគេប្រកាសថាផ្ដាច់ចំណងស្នេហ៍នាពេលនេះ៕