ពិតជារឿងរ៉ាវមួយដ៏មិនគួរឱ្យនឹកស្មាន ដែលមាននារីជនជាតិអាមេរិកម្នាក់ កើតមកគ្មានខួរក្បាលនឹងគេ តែអាចរស់នៅដល់អាយុ ២០ ឆ្នាំ ទាំងដែលពេលកើតមក គ្រូពេទ្យថាមានជីវិតរស់មិនលើសពីអាយុ ៤ ឆ្នាំឡើយ។

តាមព័ត៌មានបានឱ្យដឹងថា នារីខាងលើនេះឈ្មោះថា Alex Simpson នាងរស់នៅរដ្ឋ Nebraska សហរដ្ឋអាមេរិក។ កាលពីនាងកើតមកដំបូង នាងជាទារកដែលមានសុខភាពល្អទូទៅ តែលុះនាងអាយុបាន ២ ខែ ស្រាប់តែគ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យឃើញថានាងមានជំងឺ Hydranencephaly ដែលជាជំងឺដ៏កម្រមួយ ធ្វើឱ្យនាងនៅសល់ខួរក្បាលតូចបំផុតនៅបរិវេណគល់លលាដ៏ក្បាលប៉ុណ្ណោះ។ ហើយគ្រូពេទ្យបានប្រាប់ឪពុកម្តាយនាងថា នាងអាចមានជីវិតរស់នៅមិនលើសអាយុ ៤ ឆ្នាំនោះទេ។

កាលនោះ ឪពុកម្តាយនាងមានការព្រួយបារម្ភជាខ្លាំង តែក៏នៅតែស៊ូទ្រាំចិញ្ចឹមមើលថែរក្សានាង ហើយផ្តល់ក្តីស្រឡាញ់ឱ្យនាងដូចដើម។ យ៉ាងណាមិញ អ្វីដែលមិននឹកស្មាននោះ គឺនាងអាចមានជីវិតរស់មកដល់សព្វថ្ងៃនេះ ដែលវាខុសស្រឡះពីសម្តីរបស់គ្រូពេទ្យដែលប្រាប់ថា នាងនឹងរស់នៅមិនផុតអាយុ ៤ ឆ្នាំ។ ក្នុងនោះ Alex បានឆ្លងខួបកំណើតគម្រប់ ២០ ឆ្នាំរបស់នាងកាលពីថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅនេះ ក្រោមក្តីស្រឡាញ់ដ៏ជ្រាលជ្រៅពីគ្រួសារដ៏កក់ក្តៅរបស់នាង៕
