ពិតណាស់ ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ច្បាស់ជាបានជ្រាបមកហើយនូវរឿងរ៉ាវក្តៅគគុក កើតឡើងទៅកាន់ក្រុមគ្រួសាររបស់តារាចម្រៀងរ៉េប ជី ដេវីត និង អ្នកនាង ទេព បូព្រឹក្ស ក្រោយផេក «អាក្លូ» បានបង្ហោះវីដេអូ ប្រើពាក្យសម្តីប៉ះពាល់ដល់កូនរបស់ពួកគេ។
ក្នុងនោះ ផេក «អាក្លូ» បានផលិតវីដេអូបែបកំប្លែង Troll ដោយបញ្ជូលសំឡេងដូចសព្វមួយដង ក្នុងវីដេអូមួយមានចំណងជើងថា «Diss រាក់កំភែល» ដោយធ្វើឱ្យមហាជនផ្ទុះប្រតិកម្ម ជាពិសេស ក្រុមគ្រួសាររបស់លោក ជី ដេវីត និង អ្នកនាង ទេព បូព្រឹក្ស មិនអាចលើកលែងបាន ខណៈផេកខាងលើបានប្រើពាក្យមួយឃ្លាប៉ះពាល់យ៉ាងខ្លាំងថា «មិនដូចជាអ្នកខ្លះ កូនកើតមកទាន់ម៉ែឪការ» តែក្រោយមក វីដេអូនោះក៏បានលុបចេញពីលើផេកហើយដែរ។
ងាកមកកាន់លោក ជី ដេវីត វិញ ក្រោយផ្ទុះរឿងរ៉ាវខាងលើ បណ្តាលឱ្យប៉ះពាល់ផ្លូវចិត្តរបស់ភរិយា គឺអ្នកនាង ទេព បូព្រឹក្ស និង ក្រុមគ្រួសារនោះ លោកបានចេញសេចក្តីជូនដំណឹងជាសាធារណៈ ខណៈលោក កំពុងតែធ្វើការជាមួយមេធាវីចាត់វិធានការណ៍ទៅតាមផ្លូវច្បាប់ទៅកាន់ផេក «អាក្លូ»។
ក្រោយពីប្រកាសរៀបចំវិធានការណ៍តាមផ្លូវច្បាប់ជាមួយមេធាវី មកដល់ល្ងាចថ្ងៃទី ១០ ខែកុម្ភះ ឆ្នាំ ២០២៥ នេះ ក៏បានឃើញតារាប្រុស ជី ដេវីត បង្ហោះជាថ្មីលើហ្វេសប៊ុកផេក ដែលបានបង្ហាញលិខិតចំណាត់ការរបស់មេធាវីជាផ្លូវការហើយ។
ក្នុងនោះ លោក ជី ដេវីត បានបង្ហោះលិខិតជាមួយសាររៀបរាប់ថា ៖ «សូមគោរពជូនដំណឹងដល់សាធារណជន និង បងប្អូនអ្នកគាំទ្រជាទីស្រឡាញ់ឱ្យបានជ្រាបនូវចំណាត់ការផ្នែកច្បាប់របស់យើងខ្ញុំដែលនឹងចូលជាធរមាននៅថ្ងៃនេះ។ យើងខ្ញុំនឹងជូនដំណឹងបន្ថែមនូវពេលដែលគ្រប់យ៉ាងទទួលបានដំណោះស្រាយចប់សព្វគ្រប់និងយុត្តិធម៌។ ដោយក្តីគោរពពីខ្ញុំ ងួន ចាន់ដាវិត ( G-DEVITH )»៕