នាពេលថ្មីៗនេះ ក្រសួងអប់រំយុវជន និង កីឡា បានជូនដំណឹងអំពីអាហារូបករណ៍មូលនិធិហាប់ស្វែល គឺសម្រាប់សិស្សនារីនៅតាមបណ្តាខេត្ត ដែលកំពុងសិក្សាថ្នាក់ទី ១២ និង សិស្សនារីដែលជាប់បាក់ឌុបហើយ តែមិនទាន់ចូលរៀននៅសាកលវិទ្យាល័យនៅឡើយ មានបំណងបន្តការសិក្សានៅសាកលវិទ្យាល័យនាទីក្រុងភ្នំពេញ។
ចំពោះអត្ថប្រយោជន៍នៃអាហារូបករណ៍នេះមានដូចជា ៖
– ផ្ដល់កន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាព និង អាហារប្រចាំថ្ងៃ
– ផ្ដល់ការបណ្តុះបណ្តាលនៅក្នុងអន្តេវាសិកដ្ឋាន រួមមានៈ ភាសាអង់គ្លេស ភាសាបារាំង កុំព្យូទ័រ ការពិភាក្សាដេញដោល សំណេរ វិភាគ ពលរដ្ឋវិទ្យា សិក្សាត្រិះរិះពិចារណា ភាពជាអ្នកដឹកនាំ និង ការបណ្តុះបណ្តាលជាច្រើនទៀត។
ចំពោះលក្ខខណ្ឌក្នុងការជ្រើសរើសមានដូចជា ៖
– ជាសិស្សពូកែក្នុងថ្នាក់ និង ទទួលបាននិទ្ទេសល្អក្នុងការប្រលងមធ្យមសិក្សាទុតិយភូមិ
– ជាសិស្សសកម្មក្នុងការចូលរួម និង យល់ដឹងពីកិច្ចការសង្គម
– មានមូលដ្ឋានចំណេះដឹងភាសាអង់គ្លេស
– មានទស្សនវិស័យសម្រាប់អនាគតខ្លួន និង ប្រទេសជាតិ
អាហារូបករណ៍មូលនិធិហាប់ស្វែលនេះផងដែរ ទទួលពាក្យត្រឹម ថ្ងៃទី ១០ មិថុនា ២០២៥ ខណៈប្អូនៗដែលមានចំណាប់អារម្មណ៍ អាចស្កេនតាមរយៈលិខិតខាងក្រោមដើម្បីដាក់ពាក្យ៕
ប្រភព ៖ MoEYS Cambodia