ភ្នំភ្លើងមួយផ្ទុះភ្លាមៗ នៅឥណ្ឌូនេស៊ី ឆក់យកជី.វិ.តអ្នកឡើងភ្នំ ១១ នាក់
កាលពីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង ២ និង ៥៤ នាទីថ្ងៃ (ពេលវេលាក្នុងតំបន់) ភ្នំភ្លើងមួយនៅប្រទេសឥណ្ឌូនេស៊ី បានផ្ទុះភ្លាមៗ ជះផេះឡើងលើរហូតដល់កម្ពស់ ៣ ពាន់ម៉ែត្រ បាចសាចទៅលើតំបន់ដែលនៅក្បែរៗនោះ។
បើតាមប្រធាននាយកដ្ឋានកាត់បន្ថយគ្រោះមហន្តរាយ និង បន្ទុះភ្នំភ្លើង បានឱ្យដឹងថា ហេតុការណ៍ផ្ទុះភ្នំភ្លើងនោះ បានកើតមានឡើងភ្លាមៗ ព្រោះខាងក្រុមការងាររបស់ពួកគេ មិនបានរកឃើញ ឬ កត់ត្រានៃសកម្មភាពភ្នំភ្លើងសំខាន់ៗកើនឡើងនោះឡើយ។ តាមការបញ្ជាក់បានឱ្យដឹងថា មានមនុស្សចំនួន ៧៥ នាក់បានឡើងភ្នំនៅក្បែរៗនោះ ដោយ សាកសពចំនួន ១១ នាក់ត្រូវបានក្រុមសង្គ្រោះរកឃើញ ១៩ នាក់បានត្រឡប់មកវិញដោយសុវត្ថិភាព ខណៈអ្នកផ្សេងទៀត កំពុងបាត់ខ្លួននៅឡើយ។ បច្ចុប្បន្ន ការចុះរុករកអ្នកដែលកំពុងបាត់ខ្លួន គឺត្រូវបានបញ្ឈប់ជាបណ្ដោះអាសន្នសិន ដោយសារតែបារម្ភពីបញ្ហាសុវត្ថិភាព។
អាជ្ញាធរក្នុងតំបន់ បានចេញការប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុតទី ២ និង ចេញការហាមប្រាមពលរដ្ឋ និង អ្នកទេសចរទាំងអស់ មិនឱ្យមានការធ្វើដំណើរឆ្លងកាត់ ក្នុងរយៈចម្ងាយ ៣ គីឡូម៉ែត្រពីភ្នំភ្លើងដែលបានផ្ទុះនោះ។ ចំពោះ អ្នករស់នៅក្នុងតំបន់ក្បែរៗនោះ ក៏ត្រូវបានណែនាំឱ្យស្នាក់នៅក្នុងផ្ទះ និង ពាក់ម៉ាស់ ពេលចេញក្រៅ ដើម្បិការពារពីបញ្ហាពាក់ព័ន្ធនឹងផ្លូវដង្ហើម៕