ឯកឧត្ដម ស សុខា ណែនាំឱ្យមានប័ណ្ណបើកបរ សម្រាប់អ្នកបើកបរម៉ូតូមានកម្លាំងចាប់ពី ៦០ CC ឡើង
កាលពីរសៀលថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ ក្នុងឱកាសអញ្ជើញចូលកាន់តំណែង នាយឧត្ដមសេនីយ៍ ស ថេត ជាអគ្គស្នងការនគរបាលជាតិ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្ដម ស សុខា ដែលជាឧបនាយករដ្ឋមន្ដ្រី និង ជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យសិក្សាទិដ្ឋភាពច្បាប់ ដោយតម្រូវឱ្យអ្នកបើកបរម៉ូតូចាប់ពីកម្លាំង ៦០ សេសេ ឡើងទៅ ត្រូវតែមានប័ណ្ណបើកបរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ថ្លែងនៅក្នុងពីប្រកាសចូលកាន់តំណែងរបស់នាយឧត្ដមសេនីយ៍ ស ថេត ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា បានលើកឡើងថា ៖ «បច្ចុប្បន្ននេះម៉ូតូកម្លាំង ១២០ សេសេ មិនចាំបាច់មានប័ណ្ណបើកបរទេ ប៉ុន្ដែអនាគតខ្ញុំគិតថាគួរតែមាន ព្រោះម៉ូតូកម្លាំង ១២០ សេសេមែន ប៉ុន្ដែកុងទ័រខ្លះ ១២០ – ១៣០ បើយើងបើកត្រឹម ៨០ – ៩០ បុកគោ បុកក្របី ក៏អាចមានគ្រោះថ្នាក់ដែរ អ៊ីចឹងហើយនេះជាការគិតគូរបន្ថែមទៀត ជាវិធានការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នាពេលអនាគត អាចត្រឹមក្រោម ៦០ សេសេ មិនចាំបាច់មានទេ ប៉ុន្ដែបើ ៦០ សេសេឡើង ត្រូវតែមានប័ណ្ណបើកបរ»។
ជាមួយគ្នានេះដែរ ឯកឧត្ដមក៏បានបានណែនាំដល់លោកសន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ត្រូវសិក្សាទិដ្ឋភាពច្បាប់ និង រកអំណះអំណាង ដើម្បីជជែកពិភាក្សាជាមួយក្រសួងសាធារណការ និង ដឹកជញ្ជូន ដែលជាតួអង្គសំខាន់ក្នុងការរៀបចំការងារនេះ។
គួរដឹងដែរថា បច្ចុប្បន្ននេះអ្នកបើកបរម៉ូតូនៅក្នុងប្រទេសកម្ពុជា កម្លាំងក្រោម ១២៥ សេសេ មិនតម្រូវឱ្យមានប័ណ្ណបើកបរនោះទេ ពោលគឺចាប់ពីកម្លាំង ១២៦ សេសេ ឡើងទៅគឺ តម្រូវឱ្យមានប័ណ្ណបើកបរប្រភេទ «ក» ៕