ដំណើរជីវិតរបស់មនុស្សយើងម្នាក់ៗ ពិតណាស់គឺមិនដូចគ្នានោះឡើយ ដោយអ្នកខ្លះតស៊ូតាំងពីក្មេង លុះពេលចាស់ទៅធូរធារមានបានសម្រាន្តលក់ស្កប់ជាមួយទ្រព្យសម្បត្តិហូរហៀរ រីឯអ្នកខ្លះទៀត ត្រូវតស៊ូឥតឈប់ឈរទាំងយប់ទាំងថ្ងៃ ដើម្បីបន្តដំណើរជីវិត ពុំមានពេលវេលាសម្រាកស្កប់ស្កល់បានសុខដូចគេនោះឡើយ។
នេះដូចទៅនឹងករណីស្រ្តីចំណាស់ម្នាក់ ដែលមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាសម្ដែងក្ដីអាណិតអាសូរជាខ្លាំង ដែលរូបគាត់បានតស៊ូមកពីទឹកដីខេត្តកំពង់ឆ្នាំង ឱបល្អីក្រឡានមួយ យកមកលក់ដល់ទឹកដីរាជធានីភ្នំពេញ នៅម្ដុំផ្លូវថ្មើរជើង Walk Street ក្បាលជួតដោយក្រមាខ្មែរ អង្គុយលក់ក្នុងទឹកមុខស្រងូតស្រងាត់ ផ្អែកនឹងសសរតាមផ្លូវគួរឱ្យអាណិត។
ក្នុងនោះបើតាមការឱ្យដឹងពី Rupp-Confession បានឱ្យដឹងនៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៥ ថា ស្រ្តីចំណាស់រូបនេះ លក់ក្រឡានត្រង់ចំណុច កែងហាងកាហ្វេ Amazon Walk street លក់ក្នុងតម្លៃធូរថ្លៃ ដែលអំពាវនាវដល់បងប្អូនឱ្យជួយទិញគាត់ម្នាក់បន្តិច ដើម្បីឆាប់បានអស់ ឱ្យគាត់អាចឆាប់ឡើងឡានត្រឡប់ទៅខេត្តវិញ បានជួបជុំគ្រួសារ៕