នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ នេះ លោក Sonthi Limthongkul អតីតមេដឹកនាំសម្ព័ន្ធប្រជាជនដើម្បីប្រជាធិបតេយ្យ ឬ ជាសកម្មជនជ្រុលនិយមថៃ រួមជាមួយនឹងអ្នកគាំទ្រជាច្រើន បាននាំគ្នាប្រមូលផ្តុំយ៉ាងកុះករដើម្បីបង្ហាញពីជំហរការពារអធិបតេយ្យភាពជាតិ ជុំវិញករណីដ៏ក្តៅគគុកនៅតាមព្រំដែនកម្ពុជា-ថៃ។
ក្នុងនោះ លោក Sonthi Limthongkul ធ្វើដំណើរទៅដាក់ញាតិទៅកាន់នាយករដ្ឋមន្ត្រីថៃ គឺលោកស្រី Paethongtarn Shinawatra ដោយអំពាវនាវឱ្យរដ្ឋាភិបាលការពារអធិបតេយ្យភាពរបស់ថៃឱ្យបានច្បាស់លាស់ ហើយថែមទាំងស្រែកក្តែងៗប្រាប់អ្នកគាំទ្រខ្លួនទៀតថា កម្ពុជាបានរំលោភលើទឹកដីថៃចំនួន ៤៧០ ដង ក្នុងរយៈពេល ២៥ ឆ្នាំមកនេះ។ ការចេញមុខតាវ៉ានេះ លោក Sonthi Limthongkul សកម្មជនជ្រុលនិយមថៃរូបនេះ ក៏បានទាមទារឱ្យរដ្ឋាភិបាលធ្វើតាមខ្លួននូវ ៦ ចំណុច ដែលមានដូចជា ៖
១. ដាច់ខាតមិនទទួលស្គាល់តុលាការពិភពលោក
២. តវ៉ាជាផ្លូវការទៅកាន់អន្តរជាតិថា ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និង តំបន់មុំបី គឺជារបស់ថៃ
៣. លុបចោល MOU ឆ្នាំ ២០០០
៤. លុបចោល MOU ឆ្នាំ ២០០១
៥. ពង្រឹងអំណាចមុនការចរចា ដោយការបិទព្រុំដែន
៦. បើការចរចាបរាជ័យ ចាត់វិធានការផ្ដាច់ភ្លើង អ៊ីនធើណេត ទំនិញ ប្រេងសាំងចូលកម្ពុជា
លើសពីនេះ លោក Sonthi Limthongkul បានប្រកាសថា បើសិនជារដ្ឋាភិបាលធ្វើមិនបាន នោះលោកនឹងដឹកនាំធ្វើបាតុកម្ម ហើយបើមិនដូច្នោះទេលោកសូមឱ្យយោធាប្រើច្បាប់អាជ្ញារសឹក ដើម្បីការពារដែនអធិបតេយ្យភាពរបស់ថៃ៕
ប្រភព៖ ThaiPBS