ការផ្លាស់ប្តូរកន្លែងធ្វើការពីមួយទៅមួយ គ្រប់គ្នាតែងជៀសមិនផុត ប៉ុន្តែអ្នកធ្វើការមួយចំនួនចូលចិត្តប្តូរកន្លែងញឹកញាប់ ឬ ហក់លោត ដោយអារម្មណ៍ពុះកញ្ជ្រោល ចង់ស្វែងរកអ្វីដែលសមតាមប្រាថ្នា។ ការងារហក់លោត (Job Hopping) គឺជាការផ្លាស់ប្តូរការងារពីកន្លែងមួយទៅកន្លែងមួយទៀតញឹកញាប់ក្នុងរយៈពេលខ្លី។ បើទោះវាជាឱកាស ប៉ុន្តែវាក៏មានគុណសម្បត្តិ និង គុណវិបត្តិរបស់វាផងដែរ។
គុណសម្បត្តិ
* បង្កើនប្រាក់ខែ: ការផ្លាស់ប្តូរការងារញឹកញាប់អាចជួយអ្នកទទួលបានប្រាក់ខែខ្ពស់ជាងមុន ដោយសារក្រុមហ៊ុនថ្មីតែងតែផ្តល់ប្រាក់កម្រៃប្រសើរ ដើម្បីទាក់ទាញបុគ្គលិកដែលមានបទពិសោធ។
* ពង្រីកជំនាញ និង ចំណេះដឹង: ការធ្វើការនៅក្រុមហ៊ុនផ្សេងៗគ្នា ផ្តល់ឱកាសឱ្យអ្នករៀនជំនាញថ្មីៗ យល់ដឹងពីវប្បធម៌ការងារខុសៗគ្នា និង ស្វែងយល់ពីឧស្សាហកម្មផ្សេងៗ។
* ស្វែងរកការងារ ដែលស័ក្តិសម: ការហក់លោតអាចជួយអ្នករកឃើញការងារ ឬ ក្រុមហ៊ុនដែលពិតជាស័ក្តិសមនឹងចំណង់ចំណូលចិត្ត និង គោលដៅអាជីពរបស់អ្នក។
គុណវិបត្តិ
* មើលទៅមិនមានភាពស្មោះត្រង់: និយោជកខ្លះអាចមើលឃើញការផ្លាស់ប្តូរការងារញឹកញាប់ថា ជាសញ្ញានៃបុគ្គលិក ដែលគ្មានភាពស្មោះត្រង់ ឬ មិនមានការប្តេជ្ញាចិត្តរយៈពេលវែង។
* បាត់បង់ឱកាសរីកចម្រើន: ការផ្លាស់ប្តូរការងារលឿនពេក អាចធ្វើឱ្យអ្នកបាត់បង់ឱកាសក្នុងការឡើងតំណែង ឬ ទទួលបានបទពិសោធស៊ីជម្រៅក្នុងក្រុមហ៊ុនណាមួយ។
* ទំនាក់ទំនងខ្សោយ: អ្នកអាចជួបការលំបាកក្នុងការកសាងទំនាក់ទំនងល្អជាមួយមិត្តរួមការងារ ឬ ថ្នាក់ដឹកនាំនៅកន្លែងធ្វើការថ្មី ដោយសារអ្នកមិនស្នាក់នៅយូរ។
ជាទូទៅ ការហក់លោតមិនមែនជារឿងអាក្រក់ទាំងស្រុងនោះទេ។ អ្វីដែលសំខាន់ គឺត្រូវធ្វើឡើងដោយមានហេតុផលច្បាស់លាស់ ដូចជាការស្វែងរកឱកាសល្អជាង ឬការអភិវឌ្ឍខ្លួនឯង៕
ប្រភព៖ ឯកសារច្បាប់ និង រដ្ឋបាល