ឈឺពោះឆ្លងទន្លេ តែពេលជិះទៅពេទ្យស្ទះផ្លូវខ្លាំងពេក ម្តាយទរសម្រាលកូនខ្លួនឯងនៅក្នុងតាក់ស៊ី
ថ្មីៗនេះ រឿងរ៉ាវរបស់ស្រ្តីជាម្តាយនាក់បានធ្វើឱ្យផ្ទុះការសរសើរភ្ញាក់ផ្អើលពេញបណ្តាញសង្គម ដែលនាងហ៊ានសម្រាលកូនដោយខ្លួនឯងនៅក្នុងឡានតាក់ស៊ីយ៉ាងសុវត្ថិភាព ព្រោះស្ទះផ្លូវទៅមន្ទីរពេទ្យខ្លាំងពេក។
រឿងរ៉ាវមួយនេះ បានកើតឡើងនាប្រទេសថៃ ដែលស្រ្តីជាម្តាយបានឱ្យដឹងថា កូនមួយនេះគឺជាកូនទី ៤ ទៅហើយ ហើយខ្លួនត្រូវកំណត់ថ្ងៃឆ្លងទន្លេ តាំងពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ ប៉ុន្តែចេះតែមិនឃើញឈឺពោះសោះ ទើបថ្ងៃទី ១៧ ខ្លួនក៏បានសម្រេចចិត្តជិះតាក់ស៊ីទៅមន្ទីរពេទ្យ ដើម្បីសួរការណែនាំពីគ្រូពេទ្យ។
ខណៈកំពុងតែធ្វើដំណើរទៅនោះ ខ្លួនក៏ស្រាប់តែបានចាប់ផ្តើមឈឺពោះបណ្តើរៗ តែចៃដន្យផ្លូវពិតជាស្ទះខ្លាំងណាស់ ធ្វើឱ្យតាក់ស៊ីប្រញាប់ទៅមន្ទីរពេទ្យមិនទាន់ឡើយ។ អ្នកបើកតាក់ស៊ីក៏បានខលទៅសុំជំនួញពីអាជ្ញាធរឱ្យមកជួយបើកផ្លូវ ក៏ដូចជាសង្រ្គោះម្តាយដែលកំពុងឈឺពោះ តែមើលទៅរឹតតែមិនទាន់ទៅទៀត ព្រោះកូនបានចេញក្បាលមកបាត់ទៅហើយ។
ស្រ្តីជាម្តាយធ្វើអ្វីមិនបានឡើយ ក្រៅពីតាំងសតិឱ្យរ៉ឹងមាំ និង ព្យាយាមសម្រាលកូនដោយខ្លួនឯងនោះ ដោយនាងបានយកកន្សែងពោះគោមកទ្រាប់ចាប់កូនថ្នម ថែមទាំងបឺតទឹកភ្លោះចេញមកច្រមុះកូនដោយខ្លួនឯងទៀត ព្រោះនាងធ្លាប់ដឹងថាទារកទើបនឹងកើតអាចប្រឈមខ្លាំងជាមួយនឹងការឈ្លក់ទឹកភ្លោះ ដែលអាចធ្វើឱ្យបាត់បង់ជីវិត។ យ៉ាងណាមិញ ចុងក្រោយទាំងកូនទាំងម្តាយបានមានសុវត្ថិភាព ដែលធ្វើឱ្យមហាជននៅតាមបណ្តាញសង្គម អត់សរសើរមិនបានឡើយនូវស្មារតីរបស់ម្តាយដែលពិតជារឹងប៉ឹងដល់ថ្នាក់នេះ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖