វ័យក្មេង ស្រស់ស្អាត និង ជាស្ត្រីដឹកនាំដ៏ពូកែ ង៉ែត នរិន្រ្ទ រជ្ជនី គឺជាស្ថាបនិកនៃហាងសាឡនប្រណីត MUSE Beauty Salon និង ជានាយកច្នៃប្រឌិតនៃហាងផ្កា Devata Floral Boutique។ ភាពច្នៃប្រឌិត បទពិសោធ និង ទេពកោសល្យសិល្បៈ បានរុញច្រានឱ្យស្ត្រីរូបនេះ ក្លាយជាសហគ្រិនពោរពេញទៅដោយថាមពល និង មានចក្ខុវិស័យខ្ពស់។
មានចំណេះដឹងខ្ពង់ខ្ពស់ ង៉ែត នរិន្រ្ទ រជ្ជនី បានបញ្ចប់បរិញ្ញាបត្រផ្នែករចនាផ្ទៃក្នុង(Interior Architecture) នៅប្រទេសម៉ាឡេស៊ី និង ចប់ថ្នាក់អនុបណ្ឌិតកម្មវិធីសិក្សា Asia Pacific Studies នៅប្រទេសថៃ។ ការសិក្សាបានក្លាយជាគ្រឹះដ៏ចម្បង នាំឱ្យនាងយល់ដឹងជ្រៅជ្រះអំពីការឌីហ្សាញ និង វប្បធម៌។ ជាងនេះទៅទៀត ក្រោយពេលប្រឡូកការងារ នាងក៏បានរៀនពីបទពិសោធយ៉ាងច្រើន នៃការរុករកទាំងការឌីហ្សាញ ការធ្វើទីផ្សារ និង តួនាទីគ្រប់គ្រងផងដែរ។
ជាក់ស្តែង នៅឆ្នាំ ២០១៣ រជ្ជនី បានចាប់ផ្តើមធ្វើការជាអ្នករចនាក្រាហ្វិកនៅក្រុមហ៊ុន JCMNIPPON Co. Ltd។ ការងារដំបូងបានពង្រឹងនាងច្រើន រាប់តាំងពីភាពជាអ្នកដឹកនាំ ការធ្វើការជាក្រុម និង ជំនាញទំនាក់ទំនងអតិថិជន។ ការធ្វើការជាមួយក្រុមហ៊ុនបរទេស បានផ្តល់ឱ្យនាងមានទស្សនៈប្លែក ដែលអាចមើលឃើញពីស្ថានភាពនៃជំនួញទំាងក្នុង និង ក្រៅប្រទេស។ ជាពិសេស វាមានប្រយោជន៍ខ្លាំង នៅពេលនាងបើកអាជីវកម្មខ្លួនឯង។
រជ្ជនី បានបើកអាជីវកម្មដំបូងរបស់ខ្លួននៅក្នុងឆ្នាំ ២០១៨។ នាងបើកជាហាងលក់ផ្កាតូចមួយឈ្មោះថា «Devata Cambodia»។ ហាងនេះបំផុសគំនិតពីក្តីស្រលាញ់ចំពោះការឌីហ្សាញ និង បំណងប្រាថ្នា ដើម្បីស្វែងរកសក្តានុពលនៃភាពច្នៃប្រឌិតរបស់នាង។ លើសពីហាងផ្កា នាងមានមហិច្ឆតាបន្ថែមទៀតទៅក្នុងវិស័យម្ហូបអាហារ និង ភេសជ្ជៈ។ នាងបានសម្ពោធហាងតែទឹកដោះគោតៃវ៉ាន់ An Cha ដែលមានទីតាំងនៅតំបន់ទួលគោក រាជធានីភ្នំពេញ។
កាលនៅក្មេង ឪពុករបស់ រជ្ជនី ចូលចិត្តឱ្យនាងស្លៀកពាក់ខោអាវមនុស្សប្រុស ប៉ុន្តែនាងចូលចិត្តនូវអ្វីដែលជាភាពស្រស់ស្អាត។ នាងចាំបានថា កាលនៅពីក្មេងនាងចូលចិត្តលួចប្រើគ្រឿងផាត់មុខរបស់ម្តាយ ដូចជាក្រែមលាបបបូរមាត់ និង ពណ៌ផាត់ភ្នែកជាដើម។ ចំណង់ចំណូលចិត្តនេះ បានធ្វើឱ្យនាងកាន់តែជាប់ចិត្ត ស៊ីជម្រៅជាមួយការផាត់មុខ ជាពិសេស នៅពេលនាងចាប់ផ្តើមពេញវ័យ។ នាងនិយាយដែរថា ជាមួយការផាត់មុខ អ្នកអាចផ្លាស់ប្តូរសម្រស់របស់មនុស្ស ដែលវាមិនត្រឹមតែធ្វើឱ្យពួកគេស្រស់ស្អាតប៉ុណ្ណោះទេ តែថែមទាំងអាចផ្លាស់ប្តូរពួកគេទៅជាអ្វីមួយ ដែលអ្នកចង់បានឬស្រមៃ។
ដោយមានមហិច្ឆតាចំពោះសម្រស់ និង ដើម្បីបំពេញក្តីស្រមៃតាំងពីក្មេង ទីបំផុត រជ្ជនី បានបើកអាជីវកម្មមួយទៀត ដែលជាហាងសាឡននោះគឺ MUSE Beauty Salon។ ហាងរបស់នាងផ្តោតលើសពីភាពស្រស់ស្អាត ដោយបង្កើតជាកន្លែងមួយ ដែលភ្ញៀវអាចសម្រាក និង កាត់បន្ថយស្ត្រេសផងដែរ។ បានន័យថា ការថែរក្សាខ្លួននៅហាងរបស់នាង គឺជាការយកភាពស្រស់ស្អាត ដាក់បញ្ចូលគ្នាជាមួយសុខភាព និង សម្រាកផ្លូវចិត្ត។
ថ្វីត្បិតការរកស៊ីតែងមានការប្រកួតប្រជែង ប៉ុន្តែ រជ្ជនី នាងនៅតែមានសុទិដ្ឋិនិយមចំពោះអនាគតអាជីវកម្មទាំងពីរ។ សម្រាប់ហាងសាឡន Muse នាងស្រមៃថានឹងពង្រីកកន្លែងធំជាងមុន និង ប្រណីតជាងមុន ជាមួយនឹងបច្ចេកវិទ្យាទំនើប និង ផ្តល់ជូននូវសេវាកម្មពិសេសផ្ទាល់ខ្លួន។ សម្រាប់ហាងផ្កា Devata វិញ នឹងផ្តោតលើការពង្រីក portfolio ចូលទៅក្នុងទីផ្សារថ្មីៗ ហើយក៏ស្វែងរកផ្លូវច្នៃប្រឌិតបន្ថែមទៀត សម្រាប់រៀបចំក្នុងកម្មវិធី និង ការរចនាផ្កា៕
ប្រភព៖ Prestige