នៅទី ៥ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ជាថ្ងៃទី ២ ហើយ ដែលបវរកញ្ញា កុយ អេនណា បានធ្វើដំណើរថ្មើរជើងឆ្ពោះទៅកាន់ទឹកដីខេត្តសៀមរាប ដើម្បីធ្វើកម្មវិធីសប្បុរសធម៌ រៃអង្គាសថវិកាជួយគាំទ្រដល់ក្មេងៗ ឬជនពិការក្នុងមណ្ឌលខ្វះខាតនៅកម្ពុជា និង ចូលរួមផ្សព្វផ្សាយពីការធ្វើដំណើរទេសចរណ៍ទៅកាន់ខេត្តសៀមរាប។
ចំពោះការចាប់ផ្ដើមចេញដំណើរថ្មើរជើងនេះដែរ កញ្ញា កុយ អេនណា ក៏បានបើកទទួលមូលនិធិថវិកាសប្បុរសធម៌ ចាប់ពីថ្ងៃដើរដំបូង រហូតដល់គោលដៅនៅខេត្តសៀមរាបផងដែរ។
បើក្រឡេកមើលសកម្មភាពនៃការដើរថ្មើរជើងរបស់ កុយ អេនណា តាមរយៈការបង្ហោះលើហ្វេសប៊ុករបស់នាង បានជូនដំណឹងថាក្នុងថ្ងៃទី ២ នេះ នាងបានតាំងចិត្តកំណត់គោលដៅដើរថ្មើរជើងឱ្យបានជាង ៤០ គីឡូម៉ែត្រ ដែលចេញដំណើរពីស្រុកឫស្សីជ្រោយ ទៅកាន់ស្រុកស្គន់។
ស្របពេលចេញដំណើរថ្មើរជើង ២ ថ្ងៃមកនេះ ក៏បានឃើញបណ្ដាអ្នកគាំទ្ររបស់បវរកញ្ញា កុយ អេនណា បានថតបង្ហាញសកម្មភាពរបស់នាងដើរតាមដងផ្លូវផ្ទាល់ៗ ព្រមទាំងចូលរួមថវិកាមូលនិធិ និង លើកទឹកចិត្ត ផ្ដល់កម្លាំងចិត្តដល់រូបនាង ថែមទាំងមានអ្នកជូនទឹកអាហារឱ្យនាងញ៉ាំទៀតផង។
លើសពីនេះ គេក៏បានឃើញសកម្មភាពវីដេអូមួយ ដែលតារាចម្រៀងស្រី រ៉េត ស៊ូហ្សាណា បានជិះឡានជួបនឹង កុយ អេនណា ផ្ទាល់នៅតាមដងផ្លូវទៅខេត្តសៀមរាបក្នុងថ្ងៃទី ២ នេះ ដែលនាងបានចុះជួយផ្ដល់កម្លាំងចិត្តពេញដោយក្ដីមោទកភាពចំពោះបងស្រី សម្រាប់បេសកកម្មដ៏អស្ចារ្យនេះផងដែរ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖