អបអរសាទរ! ប្រទះឃើញកូនផ្សោតថ្មីមួយក្បាលទើបនឹងកើត ហែលទឹកលេងនៅអន្លង់កាំពី
នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៣ នេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានប្រកាសជូនដំណឹងរីករាយតាមរយៈហ្វេសប៊ុកផេកផ្ទាល់ថា យោងតាមអ្នកបើកទូកទេសចរប្រចាំអន្លង់កាំពីថា បានប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាល កំពុងហែលលេងជាមួយហ្វូងផ្សោតពេញវ័យជាច្រើន កាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅ។
ជាមួយគ្នានោះដែរ អ្នកបើកទូកទេសចរ ក៏បានរាយការជូនប្រធានឆ្មាំទន្លេ និង មន្រ្តីជលផលខេត្តក្រចេះ និង បុគ្គលិកអង្គការ WWF ដើម្បីឱ្យដឹងជាព័ត៌មាន កត់ត្រា ដើម្បីបន្តតាមដានទៀត រហូតដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៣ នេះក្រុមស្រាវជ្រាវនៃខណ្ឌជលផលខេត្តក្រចេះ និង អង្គការ WWF បានចុះតាមដានកូនផ្សោតទើបកើតថ្មី ហើយបើតាមការប៉ាន់ប្រមាណកូនផ្សោតនោះ ទើបមានអាយុប្រមាណ ៣ ថ្ងៃប៉ុណ្ណោះ។
គួរបញ្ជាក់ដែរថា កូនផ្សោតនេះ កូនផ្សោតទី ២ ដែលបានកត់ត្រាក្នុងឆ្នាំ ២០២៣ នេះ ខណៈដែលកាលពីឆ្នាំ ២០២២ និង ឆ្នាំ ២០២១ កន្លងទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានកត់ត្រាថាមានកូនផ្សោតចំនួន ៦ ក្បាលបានកើត៕
ប្រភព និង រូបភាពដោយ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ