ហួសចិត្ត! បុរសម្នាក់ ចាក់វ៉ាក់សាំងកូវីដដល់ទៅ ៩០ ដង ដើម្បីបានក្រដាសបញ្ជាក់ លក់ឱ្យអ្នកដែលមិនចង់ចាក់
បុរសម្នាក់ នៅក្រុង Magdeburg ប្រទេសអាល្លឺម៉ង់ ត្រូវបានចោទប្រកាន់ថា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រហូតដល់ទៅ ៩០ ដង ដើម្បីបានលិខិតបញ្ជាក់ការចាក់វ៉ាក់សាំង ហើយយកទៅលក់ឱ្យអ្នកដែលមិនចង់ចាក់វ៉ាក់សាំង។
បុរសម្នាក់ មកពីទីក្រុង Magdeburg ប្រទេសអាល្លឺម៉ង់ ត្រូវបានឱ្យដឹងថា បានទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមណ្ឌលចាក់វ៉ាក់សាំងក្នុងរដ្ឋ Saxony រយៈពេលច្រើនខែមកហើយ ទម្រាំត្រូវប៉ូលិសចាប់បាន។
ទោះជាយ៉ាងណា បុរសខាងលើគឺមិនត្រូវបានចាប់ឃុំខ្លួននោះឡើយ ប៉ុន្តែកំពុងត្រូវបានស៊ើបអង្កេត លើករណីក្លែងបន្លំឯកសារ និង ចែកចាយក្រដាសបញ្ជាក់ការចាក់វ៉ាក់សាំងខុសច្បាប់។ លោកត្រូវបានឃាត់ខ្លួននៅឯមណ្ឌលចាក់វ៉ាក់សាំងក្នុងក្រុង Eilenburg នៅពេលលោកទៅចាក់វ៉ាក់សាំងកូវីដ-១៩ រយៈពេល ២ ថ្ងៃជាប់គ្នា។
ក្នុងនោះដែរ ប៉ូលិសក៏បានរឹបអូសក្រដាសបញ្ជាក់ការចាក់វ៉ាក់សាំងជាច្រើន ដែលបុរសនោះបានកាន់កាប់ ហើយចំពោះការចាក់វ៉ាក់សាំងទាំង ៩០ លើករបស់លោកដែលចាក់ចម្រុះវ៉ាក់សាំងពីក្រុមហ៊ុនផ្សេងៗគ្នានោះ មិនទាន់មានការបញ្ជាក់ច្បាស់ការណាថាអាចនឹងផ្ដល់ផលប៉ះពាល់ដល់សុខភាពលោកដែរឬក៏យ៉ាងណានោះឡើយ៕
ប្រភព៖ The Guardian