នៅប្រទេសឥណ្ឌា ផ្ទុះជំងឺរបេងខ្លាំង ចំនួនករណីស្ល-ា.ប់ក្បែរលាននាក់ មិនចាញ់កូវីដ-១៩
បើតាមការចេញផ្សាយរបស់សារព័ត៌មាន Euronews បានឱ្យដឹងថា ពលរដ្ឋឥណ្ឌាប្រមាណពាក់កណ្ដាលលាននាក់ បានស្លាប់ដោយជំងឺរបេង ក្នុងឆ្នាំ ២០២០ ដែលជាចំនួនកើនឡើងខ្ពស់លំដាប់ទី ៣ លើពិភពលោក។ នេះជាលើកដំបូងហើយដែលអត្រាអ្នកស្លាប់ដោយជំងឺរបេង កើនឡើងខ្លាំងក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ។
គួរឱ្យដឹងថា ការកើនឡើងនៃអត្រាស្លាប់ដោយជំងឺរបេងនេះ គឺកើនឡើងស្របពេល ២ ឆ្នាំដែលជំងឺកូវីដ-១៩ កំពុងផ្ទុះខ្លាំង ហើយតាមអ្នកជំនាញផ្នែកសុខាភិបាលបាននិយាយដែរថា ពលរដ្ឋនៅឥណ្ឌា គឺម្នាក់ៗបារម្ភ និង ខ្លាចការធ្វើតេស្តរកកូវីដ-១៩ ខ្លាំងអំឡុងពេលនោះ។
តាមសម្ដីវេជ្ជបណ្ឌិតម្នាក់ឈ្មោះ Pranita Tipre ដែលជាគ្រូពេទ្យទទួលបន្ទុកផ្នែករបេងនៅទីក្រុង Mumbai បាននិយាយថា អាការនៃជំងឺរបេង និង កូវីដ-១៩ គឺស្រដៀងគ្នាខ្លាំង។ វេជ្ជបណ្ឌិតរូបនេះបាននិយាយថា ៖ «រោគសញ្ញានៃកូវីដ គឺដូចគ្នានឹងរោគសញ្ញារបស់របេងដែរ។ ដូច្នេះហើយ ពួកយើងចាប់ផ្ដើមកត់សម្គាល់ឃើញថា ពលរដ្ឋគឺមិនហ៊ានចេញមុខមកធ្វើតេស្តរករោគរបេងនោះទេ ព្រោះពួកគេភ័យខ្លាចគ្រូពេទ្យឱ្យពួកគេធ្វើតេស្តរកកូវីដ-១៩ ប្រសិនបើលទ្ធផលចេញមកវិជ្ជមាន នោះពួកគេនឹងត្រូវបញ្ជូនទៅកន្លែងធ្វើចត្តាឡីស័ក។ អ៊ីចឹងហើយ បញ្ហាពិតប្រាកដនោះគឺថា ដោយសារតែពួកគាត់មិនហ៊ានចេញមុខមកធ្វើតេស្តរកជំងឺរបេងនេះឯង»។
គួរឱ្យដឹងដែរថា បច្ចុប្បន្ន ប្រទេសឥណ្ឌាបានធ្វើការប្រកាសរកជំនួយវ៉ាក់សាំងបន្ថែម រួមទាំងជំនួយលើកង្វះអាហារូបត្ថម្ភ ដែលជាកត្តាចម្បងក្នុងការព្យាបាលជំងឺមួយនេះ៕