អ្នកដំណើរទាំងអស់ ត្រូវធ្វើចត្តាឡីស័កតាមព្រំដែនសិន មិនឱ្យចូលភូមិ-ឃុំឡើយ ទប់ស្កាត់វីរុសបំប្លែងខ្លួនថ្មី Delta
ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១ បានចេញសេចក្ដីប្រកាសប្រញាប់មួយច្បាប់ ស្ដីពីការពង្រឹងវិធានការចត្តាឡីស័កនៅតាមបណ្តាច្រកព្រំដែននានា និង ការពង្រឹងវិធានការរដ្ឋបាល ចាំបាច់នានា ដើម្បីប្រយុទ្ធទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta ក្នុងសហគមន៍ ។
ដោយផ្អែកតាមសភាពការណ៍នៃការរីករាលដាលជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta មានវត្តមាននៅកម្ពុជា តាមរយៈការនាំចូលពីតាមបណ្តច្រកព្រំដែននានា និងដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta ចូលក្នុងសហគមន៍ គណៈកម្មការអន្តរក្រសួង ប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានធ្វើការណែនាំដូចខាងក្រោម៖
១. អនុវត្តវិធានការធ្វើចត្តាឡីស័កនៅមណ្ឌលធ្វើចត្តាឡីស័កមាត់ច្រកព្រំដែន ចំពោះអ្នកដំណើរទាំងអស់ ដែលធ្វើដំណើរឆ្លងចូលមកក្នុងប្រទេសកម្ពុជា ដោយមិនធ្វើការដឹកជញ្ជូនបន្ត ដើម្បីយកទៅធ្វើចត្តាឡីស័ក នៅតាមភូមិ ឃុំទៀតទេ។
២. បង្កើនការពង្រឹងការគ្រប់គ្រងច្រកព្រំដែន ជាពិសេស ច្រករបៀង ចៀសវាងការជ្រៀតឆ្លងព្រំដែនចូល មកក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ដែលបង្កហានិភ័យក្នុងការចម្លងមេរោគបំប្លែងខ្លួនថ្មី ចូលក្នុងសហគមន៍។
៣-ពង្រឹងការអនុវត្តវិធានការ ទាំងផ្នែករដ្ឋបាល ទាំងផ្នែកសុខាភិបាល សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់ នូវខ្សែរយៈចម្លងនៃមេរោគកូវីដ-១៩ ប្រភេទថ្មីនេះ នៅតាមមូលដ្ឋានដែលត្រូវបានរកឃើញអ្នកដែលបានឆ្លងជំងឺនេះ ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖