កុំប្រហែសឱ្យសោះ! ៣ ថ្ងៃជាប់គ្នានេះ កម្ពុជាមានអ្នកជំងឺ ស្លា.ប់ដោយសារកូវីដជិត ៥០នាក់
នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល បានប្រកាសព័ត៌មានឱ្យបានដឹងថា នៅក្នុងថ្ងៃនេះ កម្ពុជា រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥៨៧ នាក់ ជាសះស្បើយ ៥៤៨ នាក់ និងមានអ្នកស្លាប់ដល់ទៅ ១៦ នាក់ ។
ជុំវិញការរីករាលដាលនេះ បើគិតត្រឹមរយៈពេល ៣ ថ្ងៃចុងក្រោយ មកទល់នឹងថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១ នេះ គឺមានអ្នកជំងឺកូវីដ-១៩ នៅកម្ពុជា សរុបចំនួន ៤៤ នាក់ហើយ បានបាត់បង់ជីវិត ដោយសារតែជំងឺដ៏កាចសាហាវមួយនេះ ។
ជាក់ស្ដែងតួលេខអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលបានប្រកាសដោយក្រសួងសុខាភិបាលក្នុងរយៈពេល ៣ ថ្ងៃចុងក្រោយរួមមាន ៖
១. ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១ មានចំនួន ១០ នាក់
២. ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១ មានចំនួន ១៨ នាក់
៣. ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១ មានចំនួន ១៦ នាក់
គួរឱ្យដឹងផងដែរថា ជុំវិញព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គឺមានរយៈ ជាង ៤ ខែមកហើយ ដែលកម្ពុជាបានធ្លាក់ចូលទៅក្នុងខ្សែចម្លងកូវីដ-១៩ ដែលមិនទាន់កាត់ផ្ដាច់បានទាំងស្រុង ថែមទាំងមានអ្នកបាត់បង់ជីវិត នៅក្នុងព្រឹត្តិការណ៍នេះ សរុបចំនួន ៤៧៥ ករណី បើគិតត្រឹមថ្ងៃទី ២៣ ខែមិថុនានេះ ៕