មុនឆ្លងកូវីដ-១៩ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានចូលរួមកម្មវិធីធំៗចំនួន ៥
កាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅនេះ តាមរយៈប្រភពគណនីហ្វេសប៊ុកផ្ទាល់របស់លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់យ៉ាងច្បាស់ថា លោកបានឆ្លងជំងឺកូវីដ-១៩ ។
អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធិ បានបង្ហោះសារនៅក្នុងបណ្តាញទំនាក់ទំនងសង្គម ដោយបានលើកឡើងថា «សូមបងប្អូនថែរក្សាសុខភាព ទោះកីឡាខ្លាំងម៉ិចក៏ដោយឱ្យតែប្រហែស គឺវាតោងយើងហើយ តែកុំភ្លេច ៣ ការពារ ៣ កុំ» ។
យ៉ាងណាមិញ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ក៏បាមនអញ្ជើចូលរួមក្នុងចូលរួមក្នុងកម្មវិធីធំៗចំនួន ៥ ដូចជា ៖
១.បេីកកិច្ចប្រជុំជាមួយចៅសង្កាត់ទាំង ៧ និង ប្រធានផ្សាររដ្ឋទាំងបី ដើម្បីជជែកពិភាក្សាលើការងារត្រៀមបើកដំណើរការផ្សាររដ្ឋឡើងវិញ រួមទាំងវិធានការសុខាភិបាលនៅតាមអាហារដ្ឋាន និង ទីតាំងអាជីវកម្មនានា ។
២. បានចូលរួមពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ កម្មករ និយោជិត ដែលមកទទួលប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ប្រមាណជាង ១២៨១ នាក់ ពីវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលខេមៈភូមិន្ទ ក្រោមអធិបតីភាពឯកឧត្ដម ឧត្តមសេនីយ៍ឯកសាស្ត្រាចារ្យ នឹម មាលា ។
៣. លោកបានអមដំណើរឯកឧត្តម ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីនាំយកអំណោយទៅចែកជូនបងប្អូនប្រជាពលរដ្ឋ និង បងប្អូនកម្មករ កម្មការិនីដែលកំពុងធ្វើចត្តាឡីស័កតាមខ្នងផ្ទះ និង តាមបន្ទប់ជួល ចំនួន ៧៩៨៨ គ្រួសារ ក្នុងភូមិព្រៃទា ១ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
៤. លោកបានអញ្ជើញចូលរួមពិធីទទួលអំណោយពីអង្គការមូលនិធិសប្បុរសធម៌ឆឺជី ដែលបានឧបត្ថម្ភសម្ភារជូនរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនិងជម្ងឺកូវីដ-១៩ ។ ក្នុងឱកាសនោះដែរអង្គរការឆឺជី និង ក្រុមការងាររដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក៏បន្តចែកសម្ភារបរិក្ខាការពារជូនដល់កងកម្លាំង និង កម្លាំងប្រជាការពារនៅតាមគោលដៅដែលមានចំនួន ៦ កន្លែង ស្ថិតនៅភូមិព្រៃទា ១ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ ទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនៅតាមគោលដៅនីមួយៗ ។
៥. លោកបានចូលរួមពិធីប្រគល់ប័ណ្ណចាក់វ៉ាក់សាំង (SINORHARM) ការពារជម្ងឺកូវីដ-១៩ ក្នុងសង្កាត់ចោមចៅទី ១ ជូនដល់បងប្អូនប្រជាពលរដ្ឋ និង កម្មករ-កម្មការនី ដែលបានចាក់វ៉ាក់លេីកទី ២ រួច ។
ជាមួយគ្នានេះផងដែរ ក៏មានបងប្អូនជាច្រើនបានលើកទឹកចិត្តជូនពរលោក ហែម ដារិទ្ធិ តាមរយៈសារខមិន ឱ្យលោកមានសុខភាព អាចជម្នះឆ្លងផុតពីគ្រោះថ្នាក់ជំងឺដ៏កាចសាហាវនេះ និង ឆាប់បានត្រឡប់មកផ្ទះវិញ ៕
ប្រភព ៖ ហែម ដារិទ្ធិ